(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្រាប់ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីនថាទីក្រុងព្យុងយ៉ាងនឹង អញ្ជើញក្រុមអ្នកជំនាញអាមេរិក ព្រមទាំងក្រុមអ្នកសារព័ត៌មានបរទេស មកត្រួតពិនិត្យ ក៏ដូចជាចុះផ្សាយជាសាធារណៈការបិទទីតាំង សាកល្បងអាវុធនុយក្លេអ៊ែរ នៅខែឧសភា ខាងមុខនេះ។ នេះបើតាមវិមានប្រធានាធិបតីកូរ៉េខាងត្បូង Cheong Wa Dae ដកស្រង់ ដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃអាទិត្យ ទី២៩ ខែមេសា ឆ្នាំ២០១៨។
យោងតាមអ្នកនាំពាក្យ Cheong Wa Dae លោក Yoon Young-chan លោក គីម ជុងអ៊ុន បាននិយាយនៅអំឡុងកិច្ចប្រជុំថាលោក នឹងបញ្ជាឱ្យបិទទីតាំងធ្វើតេស្ដអាវុធនុយក្លេអ៊ែរ Punggyeri នៅខែឧសភាខាងមុខនេះ។ ប៉ុន្តែគួរឱ្យកត់សម្គាល់ លោក Yoon ក៏បាន អះអាងដែរថាទីក្រុងព្យុងយ៉ាងនឹងធ្វើការបិទទីតាំងធ្វើតេស្ដនុយក្លេអ៊ែរនេះជាសាធារណៈ តាមរយៈការអញ្ជើញក្រុមអ្នកជំនាញ អាមេរិក ព្រមទាំងក្រុមអ្នកសារព័ត៌មានបរទេសមកត្រួតពិនិត្យ ក៏ដូចជាចុះផ្សាយពីការបិទទីតាំងសាកល្បងអាវុធនុយក្លេអ៊ែរ Punggyeri។
សូមជម្រាបថា ការអះអាងខាងលើ របស់ Cheong Wa Dae ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានជួបគ្នាជាប្រវត្តិសាស្ត្រក្នុងកិច្ចប្រជុំកំពូលអន្តរកូរ៉េ កាលពីថ្ងៃសុក្រ នៅឯតំបន់ ព្រំដែនគ្មានយោធារវាងប្រទេសទាំងពីរ។
ដោយឡែក ជុំវិញការសន្យាបិទទីតាំងធ្វើតេស្ដអាវុធនុយក្លេអ៊ែរ Punggyeri ក្រុមអ្នកជំនាញមួយចំនួនយល់ថាមកពីទីតាំងនេះលែង ប្រើការកើតតទៅទៀតតែប៉ុណ្ណោះ។ ប៉ុន្តែលោក Yoon Young-chan នៅតែបង្ហាញពីភាពសុទិដ្ឋិនិយមដដែល។ «មនុស្សមួយចំនួន ថាកូរ៉េខាងជើងបិទទីតាំងធ្វើតេស្ដអាវុធនុយក្លេអ៊ែរ Punggyeri ដោយសារតែវាលែងប្រើការកើត ប៉ុន្តែអ្នកនឹងមើលឃើថាវានៅមាន ស្ថានភាពល្អ»។ នេះបើតាមអ្នកនាំពាក្យរូបនេះ៕