(មីយ៉ាន់ម៉ា)៖ ប្រជាជនរាប់ពាន់នាក់បានរត់ភៀសខ្លួនពីជម្លោះសាជាថ្មីរវាងកងទ័ពមីយ៉ាន់ម៉ា និងក្រុមឧទ្ទាមជនជាតិដើមភាគតិច កាជីន (Kachin) នៅឯរដ្ឋភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី២៩ ខែមេសា ឆ្នាំ២០១៨។
ជាមួយគ្នានោះ បើតាមអង្គការសហប្រជាជាតិ មនុស្សប្រមាណ ៤,០០០នាក់ បានរត់គេចចេញពីផ្ទះសម្បែង របស់ពួកគេចាប់តាំងពី ដើមខែមេសាមក។ ចំណែកឯមនុស្សជាង ១២០,០០០នាក់ ក៏ត្រូវបានគេរាយការណ៍ដែរថាបានរត់ភៀសខ្លួនពីជម្លោះប្រដាប់រវាង កងទ័ពមីយ៉ាន់ម៉ា ជាមួយក្រុមឧទ្ទាមនៅក្នុងរដ្ឋកាជីន (Kachin) និងរដ្ឋសាន (Shan) ស្ថិតនៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ាក្នុង ឆ្នាំ២០១៨នេះ នៅក្នុងបរិបទដែលជម្លោះហិង្សាប្រដាប់អាវុធកំពុងកើនឡើងជាថ្មី គួរឱ្យព្រួយបារម្ភ។
គួរបញ្ជាក់ថា ស្របពេលកងទ័ពមីយ៉ាន់ម៉ា ព្រមានថានឹងដឹកនាំការវាយប្រហារផ្លូវអាកាស និងបាញ់កំាភ្លើងលើមូលដ្ឋានក្រុមឧទ្ទាម កាជីន ក្រុមអង្គការមនុស្សធម៌បានបង្ហាញក្ដីព្រួយបារម្ភជាខ្លាំងពីមនុស្សជាច្រើននាក់ ដែលបាននិងកំពុងជាប់គាំងនៅក្នុងតំបន់ជម្លោះ ស្ថិតនៅក្បែរព្រំដែនជាប់ជាមួយចិន។ ពួកគេក៏បានអំពាវនាវផងដែរឱ្យរដ្ឋាភិបាលមីយ៉ាន់ម៉ា អនុញ្ញាតឱ្យមានការផ្ដល់ជំនួយ មនុស្សធម៌ដល់រងគ្រោះទំាងនោះ៕