(សេអ៊ូល)៖ វិមានប្រធានាធិបតីកូរ៉េខាងត្បូង Blue House នៅថ្ងៃអាទិត្យនេះ បានអះអាងថា កូរ៉េខាងជើង នឹងបិទទីតាំងធ្វើ តេស្ដអាវុធនុយក្លេអ៊ែរ Punggyeri នៅខែឧសភាខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃអាទិត្យ ទី២៩ ខែមេសា ឆ្នាំ២០១៨។
ថ្លែងប្រាប់អ្នកសារព័ត៌មាន អ្នកនាំពាក្យ Cheong Wa Dae បានបញ្ជាក់យ៉ាងខ្លីដូច្នេះថា៖«លោក គីម ជុងអ៊ុន បាននិយាយនៅ អំឡុងកិច្ចប្រជុំថា...លោកនឹងបញ្ជាឱ្យបិទទីតាំងធ្វើតេស្ដអាវុធនុយក្លេអ៊ែរ នៅខែឧសភាខាងមុខនេះ»។ បន្ថែមពីលើនេះ បើតាមអ្នក នាំពាក្យរូបនេះដដែល កូរ៉េខាងជើងក៏បានយល់ព្រមដែរថា នឹងប្ដូរម៉ោងនៅក្នុងតំបន់ឱ្យត្រូវគ្នាជាមួយកូរ៉េខាងត្បូងវិញ បន្ទាប់ពីទីក្រុង ព្យុងយ៉ាងបានប្ដូរម៉ោងរបស់ខ្លួនកាលពីឆ្នាំ២០១៥ កន្លងទៅ។
បច្ចុប្បន្នកូរ៉េខាងត្បូង និងកូរ៉េខាងជើង មានពេលវេលាខុសគ្នា ៣០នាទី ពោលគឺកាលពីដំបូងឡើយ កូរ៉េខាងជើងមានល្វែងម៉ោង បូក៩ ដូចជាគ្នានឹងកូរ៉េខាងត្បូង និងជប៉ុន ប៉ុន្តែដោយសារតែដើម្បីរំលឹកដល់ការរំដោះកូរ៉េពីអាណានិគមជប៉ុន របបដឹកនាំលោក គីម បានផ្លាស់ប្ដូរម៉ោងមកបូក៨ និង៣០នាទីវិញកាលពីខែសីហា ឆ្នាំ២០១៥។
សូមជម្រាបថា ការអះអាងខាងលើរបស់ Cheong Wa Dae ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានជួបគ្នាជាប្រវត្តិសាស្ត្រក្នុងកិច្ចប្រជុំកំពូលអន្តរកូរ៉េ កាលពីថ្ងៃសុក្រនៅឯតំបន់ ព្រំដែនគ្មានយោធារវាងប្រទេសទាំងពីរ។ មិនតែប៉ុណ្ណោះ មេដឹកនាំកូរ៉េទាំងពីរ ក៏បានឯកភាពគ្នាផងដែរថានឹងធ្វើការងាររួមគ្នា ដើម្បីលុបំបាត់អាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ៕