(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាកិច្ចប្រជុំកំពូលរវាងលោកនិងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន អាចនឹងត្រូវធ្វើឡើងនៅ០៣ ឬ០៤ សប្ដាហ៍ខាងមុខទៀតនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៩ ខែមេសា ឆ្នាំ២០១៨។
លោក ដូណាល់ ត្រាំ ថ្លែងបែបនេះ នាឱកាសចូលរួមក្នុងពិធីជួបជុំមួយក្នុងរដ្ឋធានីវ៉ាស៊ីនតោន និងរដ្ឋមីឈីហ្គែន (Michigan) កាលពីថ្ងៃសៅរ៍ (ម៉ោងនៅសហរដ្ឋអាមេរិក)។ ថ្លែងនាឱកាសនោះ ប្រធានាធិបតីអាមេរិករូបនេះបានគូសបញ្ជាក់ដូច្នេះថា៖«ខ្ញុំគិតថា យើងនឹងមានជំនួបមួយនៅ ០៣ ឬ០៤សប្ដាហ៍ខាងមុខទៀតនេះ...ហើយវានឹងក្លាយជាជំនួបដ៏មានសារៈសំខាន់បំផុតស្ដីពីការលុប បំបាត់អាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ»។
គួរបញ្ជាក់ថា វិមានប្រធានាធិបតីកូរ៉េខាងត្បូង នៅថ្ងៃអាទិត្យនេះ ក៏បានឱ្យដឹងដែរថា លោក មូន ជែអ៊ីន និងលោក ដូណាល់ ត្រាំ បានជជែកគ្នាតាមទូរស័ព្ទពាក់ព័ន្ធនឹងលទ្ធផលនៃជំនួបកំពូលអន្តរកូរ៉េ កាលពីថ្ងៃសុក្រកន្លងទៅ។ ដោយឡែក បើតាមសេចក្ដីរាយ
ការណ៍ព័ត៌មាននាពេលកន្លងមក លោក ដូណាល់ ត្រាំ គ្រោងនឹងជួបជាមួយលោកគីម ជុងអ៊ុន នៅចុងខែឧសភា ឬនៅដើមខែមិថុនា ខាងមុនេះ៕