(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានអះអាងថាបុរសខ្លាំងផុតលេខកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិងកំពុងរៀបចំត្រួសត្រាយផ្លូវ ដែលអាចជួយសហរដ្ឋអាមេរិក ក្នុងការលុបបំបាត់អាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន ABC នៅថ្ងៃអាទិត្យ ទី២៩ ខែមេសា ឆ្នាំ២០១៨។
ថ្លែងនៅក្នុងបទសម្ភាសន៍ផ្ដាច់មុខជាមួយ ABC នៅក្នុងសប្ដាហ៍នេះ អតីតនាយក CIA រូបនេះក៏បានបញ្ជាក់ដែរថា រូបលោកនិងលោក គីម ជុងអ៊ុនបានពិភាក្សាគ្នាក្រោមបរិយាកាសដ៏ល្អ នៅអំឡុងដំណើរទស្សនកិច្ចជាសំងាត់របស់លោកទៅកាន់ទីក្រុងព្យុងយ៉ាង កាលពី ប៉ុន្មានសប្ដាហ៍មុន។ លោក Pompeo បានលើកឡើងដូច្នេះថា៖«លោក គីម បានត្រៀមខ្លួនយ៉ាងល្អដើម្បីជួយពួកយើងសម្រេចឱ្យ បាននូវការលុបបំបាត់អាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ»។ លោក បន្ថែមថា៖«យើងបានសន្ទនាក្រោមបរិយាកាសដ៏ល្អពាក់ព័ន្ធនឹង បញ្ហាប្រឈមជាច្រើនរវាងប្រទេសទាំងពីរ... ហើយលោកគីម ក៏បានយល់ផងដែរពីបេសកកម្មពិតប្រាកដរបស់យើង ដូចដែលខ្ញុំបាន រៀបរាប់នៅថ្ងៃនេះ»។
តែទោះជាយ៉ាងនេះក្ដី លោក Mike Pompeo នៅតែបញ្ជាក់ជាដដែលថា រដ្ឋបាលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ មានវត្ថុបំណង យ៉ាងច្បាស់លាស់ក្នុងការលុបបំបាត់អាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ ពោលគឺគ្មានឡើយការបន្ធូរបន្ថយទណ្ឌកម្ម ឬក៏សម្ពាធលើ កូរ៉េខាងជើង ដរាបណារបបដឹកនាំកុម្មុយនិស្ដមួយនេះរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុង៕