(វ៉ាស៊ីនតោន)៖ សារព័ត៌មានអន្តរជាតិធំៗបានងាកទៅចាប់អារម្មណ៍ខ្លាំង ចំពោះទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង លោក ម៉ាក្រុង និងអធិការបតីអាល្លឺម៉ង់ លោកស្រី អាន់ជែឡា មឺគែល នៅថ្ងៃបន្ទាប់ក្នុងទឹកដីមហាអំណាចលេខ ១ នៅលើសកលលោក គឺសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ស៊ីនហួរ នាល្ងាចថ្ងៃសៅរ៍ ទី២៨ ខែមេសា ឆ្នាំ២០១៨។
សម្ព័ន្ធមិត្តកាត់ទឹកមិនដាច់ គឺត្រឹមត្រូវហើយ ប៉ុន្តែសម្រាប់ចិត្តគឺអាចកាត់ដាច់បាន មិនដូចទឹកនោះឡើយ ដោយពេលនេះសំណូមពររបស់ លោកស្រី មឺគែល ដ៏ធំមួយដែលបានបៀមទុកក្នុងចិត្តជាយូរណាស់មកហើយ ទើបវេចស្ពាយមកស្នើសុំលោក ដូណាល់ ត្រាំ ដល់ផ្ទះនោះ ត្រូវបានទទួលការបដិសេធតែម្តង ចេញពីមាត់មេដឹកនាំអាមេរិករូបនេះ។
វាមិនមែនជារឿងថ្មីនោះទេ សម្រាប់បញ្ហាអ៊ីរ៉ង់ និងពាក្យមួយឃ្លាថា «អាមេរិកនាំមុខ ឬ ប្រយោជន៍អាមេរិកជាធំ» ដែលភាសាអង់គ្លេសហៅថា America First នោះ។ ប៉ុន្តែក្នុងនាមជាសម្ព័ន្ធមិត្ត និងមានអារម្មណ៍សោកស្តាយ ចំពោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលលោកស្រីជាអ្នកជួយឲ្យសម្រេចទៅបាន កាលពីឆ្នាំ២០១៥ ជាមួយបណ្តាប្រទេសមហាអំណាចធំៗផ្សេងទៀតនោះ កិច្ចព្រមព្រៀងនេះមិនគួរត្រូវបានរំសាយចោល ក្នុងសម័យកាលដឹកនាំរបស់លោក ដូណាល់ ត្រាំ នោះឡើយ។
ហេតុដូច្នេះទើបលោកស្រី មឺគែល ធ្វើដំណើរយ៉ាងតក់ក្រហលមកកាន់សហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហាជាច្រើន ដោយស្នើអាមេរិកកុំលុបចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ និងលើកលែងការតម្លើងថ្លៃពន្ធលើទំនិញមួយចំនួន មកលើអាល្លឺម៉ង់ ដូចដែលលោក ត្រាំ បានប្រកាសចេញតាំងតែពីខែមុន។
សម្រាប់លោក ដូណាល់ ត្រាំ អង្គការ NATO បានក្លាយជាប្រធានបទពិសេស នៃការចំណាយរបស់សហរដ្ឋអាមេរិក ហើយលោកធ្លាប់បានទាមទារឲ្យបណ្តាប្រទេសជាសមាជិក នៃអង្គការដ៏មានអំណាចនេះ ជួយចេញថ្លៃទ្រទ្រង់ផង មិនមែនដាក់បន្ទុកតែលើសហរដ្ឋអាមេរិកនោះទេ។ ការលើកឡើងនោះ គឺលោកចង់សំដៅជាពិសេសទៅលើអាល្លឺម៉ង់ ដែលជាប្រទេសដើរតួយ៉ាងសំខាន់មួយ មានប្រជាជនច្រើន និងមានសេដ្ឋកិច្ចលូតលាស់ខ្លាំង លំដាប់ទី ៤ នៅលើសកលលោក ដែលគួរតែដើរតួនាទីសំខាន់ជាងនេះ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍នៅក្នុងសន្និសីទសារព័ត៌មាន ក្រោយលោក ដូណាល់ ត្រាំ បញ្ចប់ទស្សនកិច្ចជាមួយលោកស្រី មឺគែល ក្នុងសេតវិមាននៅថ្ងៃសុក្រនេះ (ពេលវេលានៅវ៉ាស៊ីនតោន) លោកបានបញ្ជាក់ថា «យើងកំពុងតែការពារអឺរ៉ុបរួចទៅហើយ, យើងចំណាយជាយូរយា និងច្រើនជាងនរណាៗទាំងអស់។ អង្គការ NATO ពិតជាអស្ចារ្យ ប៉ុន្តែវា (NATO) ជួយអឺរ៉ុបច្រើនជាងជួយយើង។ ដូច្នេះតើយើងកំពុងតែចំណាយច្រើនសន្ធឹកសន្ធាប់ ជាងតម្លៃដែលយើងទទួលបានមកវិញឬ?»។
ជាការឆ្លើយតបលោកស្រី មឺគែល បានសង្កត់ធ្ងន់ថា «អាល្លឺម៉ង់នឹងបន្តផ្តល់ប្រាក់ ១.៣ភាគរយ នៃប្រាក់ចំណូលក្នុងស្រុកសរុប (GDP) សម្រាប់វិស័យការពារនេះនៅឆ្នាំ២០១៩ ហើយវាបានកើតឡើងជាបន្តបន្ទាប់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះទៅហើយ។ យើងមិនទាន់ឈានដល់ចំណុច ដែលយើងចង់បានទេ ប៉ុន្តែយើងទៅជិតដល់ចំណុចនោះហើយ... ដែលយើងត្រូវបង្កើតវាសម្រាប់ខ្លួនឯង»។
ពាក្យដ៏កម្រចេញពីមាត់លោកស្រី មឺគែល ដែលត្រូវបានគេមើលថា ជាការក្រើករំលឹកលោក ត្រាំ ចំៗតែម្តងនោះគឺ «យើងនៅក្នុងទ្វីបអឺរ៉ុប តែយើងត្រូវយកជោគវាសនារបស់អ្នក មកដាក់លើដីរបស់យើងផ្ទាល់»។
ងាកទៅកាន់បញ្ហាអ៊ីរ៉ង់ លោក ដូណាល់ ត្រាំ បានអះអាងថា «អ៊ីរ៉ង់មិនទាន់ទៅកៀកការផលិតអាវុធនុយក្លេអ៊ែរផង ឬមួយក៏ទទួលបានផលប្រយោជន៍អ្វី ពីភាពជោគជ័យ របស់សហរដ្ឋអាមេរិក នៅមជ្ឈិមបូព៌ានោះឡើយ»។ ការលើកឡើងនេះមានន័យថា លោកប្រកាន់ជំហររបស់រដ្ឋបាលលោកដដែល ក្នុងការដកខ្លួនពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលលោកធ្លាប់បានអះអាងថា ជាកំហុសដ៏ធំមួយ និងមិនគួរឲ្យកើតឡើង។
សរុបសេចក្តីមក អ្នកវិភាគបានលើកឡើងថា លោក ដូណាល់ ត្រាំ បង្ហាញភាពរាក់ទាក់ និងស្វាគមន៍ខ្លាំងដាក់ លោក ម៉ាក្រុង ប្រធានាធិបតីបារាំង ប៉ុន្តែលោកក៏មិនភ្លេចបង្ហាញភាពរាក់ទាក់យ៉ាងកក់ក្តៅដាក់លោកស្រី មឺគែល នោះដែរ គ្រាន់តែសំណូមពរដែលលោកស្រី មឺគែល លើកឡើង គឺផ្ទុយនឹងនយោបាយដែលលោកបានដាក់ចេញ ដូច្នេះភាពបរាជ័យបានកើតមាន នៅក្នុងទស្សនកិច្ចលោកស្រីនៅអាមេរិក៕