(គូឡាឡាំពួរ)៖ ទីបំផុតយុទ្ធនាការឃោសនាបោះឆ្នោតនៅម៉ាឡេស៊ី បានចាប់ផ្តើមជាផ្លូវការហើយ គិតចាប់តាំងពីថ្ងៃសៅរ៍ ទី២៨ ខែមេសា ឆ្នាំ២០១៨ នេះតទៅ ដោយមានរយៈពេល ១១ថ្ងៃ ខណៈថ្ងៃបោះឆ្នោត គឺនឹងត្រូវធ្វើឡើងនៅថ្ងៃទី០៩ ខែឧសភា ខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃសៅរ៍ ទី២៨ ខែមេសា ឆ្នាំ២០១៨។
សម្រាប់រឿងរ៉ាវដ៏គួរឲ្យចាប់អារម្មណ៍នាអាណត្តិថ្មីខាងមុខនេះ គឺនាយករដ្ឋមន្ត្រីបច្ចុប្បន្ន លោក ណាជីប រ៉ាហ្សាក់ ក៏បានចុះឈ្មោះចូលរួមប្រកួតប្រជែង ដើម្បីដណ្តើមតំណែងនាយករដ្ឋមន្ត្រីអាណត្តិថ្មីផងដែរ ព្រមជាមួយនឹងអតីតនាយករដ្ឋមន្ត្រីលោក មហាធា មហាម៉ាដ (Mahathir Mohamad) ដែលមានវ័យជាង ៩០ឆ្នាំទៅហើយ ក៏បានចុះឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រីដូចគ្នា ដើម្បីប្រកួតប្រជែងក្នុងនាមជាប្រធានបក្សប្រឆាំងធំបំផុតនៅប្រទេសអាស៊ានមួយនេះ។
ដោយសារតែយុទ្ធនាការខាងលើនេះហើយ ទើបបានជាលោក ណាជីប រ៉ាហ្សាក់ បានលុបចោលដំណើរទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ដែលប្រារព្ធឡើងនៅសិង្ហបុរី។ នេះគឺជាលើកដំបូងបំផុត ដែលមានម៉ាឡេស៊ីរៀបចំការបោះឆ្នោតមិនមែនចំថ្ងៃសៅរ៍ ឬថ្ងៃអាទិត្យ ក្នុងរយៈពេល ២០ឆ្នាំ មកនេះ ខណៈការបោះឆ្នោតបែបនេះលើកចុងក្រោយ ត្រូវបានធ្វើឡើងកាលពីឆ្នាំ១៩៩៩។ ម្យ៉ាងវិញទៀត ការរៀបចំការបោះឆ្នោតនេះទៀតសោត នឹងត្រូវធ្វើឡើងបន្ទាប់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលកំពុងជាប់ក្នុងរឿងអាស្រូវពុករលួយ ប្រកាសរំលាយសភា កាលពីថ្ងៃទី០៦ ខែមេសា៕