(ស៊ីដនី)៖ អូស្រ្តាលីនឹងបញ្ជូនយន្តហោះយោធាល្បាតមួយគ្រឿង ដើម្បីឲ្យតាមឃ្លាំមើលក្រុមកប៉ាល់របស់កូរ៉េខាងជើង ដែលត្រូវគេសង្ស័យថា បានលួចធ្វើការជួញដូរទំនិញត្រូវបានហាមឃាត់ ដែលវាល្មើសទៅនឹងសេចក្តីសម្រេចដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ។ នេះបើតាមសម្តីរបស់រដ្ឋមន្រ្តីការពារជាតិអូស្រ្តាលី លោកស្រី ម៉ារៃស៍ ផេយណេ (Marise Payne) ដកស្រង់ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃសៅរ៍ ទី២៨ ខែមេសា ឆ្នាំ២០១៨។
ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយលោកស្រី Payne បាននិយាយថា អូស្រ្តាលីនឹងចល័តយន្តហោះល្បាតដែនសមុទ្រធុន P-8A Poseidon ទៅកាន់ប្រទេសជប៉ុន ដើម្បីចូលរួមចំណែកក្នុងការអនុវត្តន៍ និងរឹតបន្តឹងសេចក្តីសម្រេចរបស់ ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ នៅក្នុងតំបន់ប៉ាស៊ីហ្វិក ហើយទង្វើនេះគាំទ្រដល់យុទ្ធនាការអន្តរជាតិ ដែលសំដៅដោះស្រាយរឿងធ្វើពាណិជ្ជកម្មខុសច្បាប់ និងបណ្តាញពាក់ព័ន្ធនានារបស់កូរ៉េខាងជើង។
គួរជម្រាបថា សេចក្តីប្រកាសខាងលើនេះ ត្រូវបានធ្វើឡើងនៅមួយថ្ងៃក្រោយពីមេដឹកនាំកូរ៉េខាងជើង និងកូរ៉េខាងត្បូង បានសន្យានៅឯកិច្ចប្រជុំកំពូលជាប្រវត្តិសាស្រ្តអន្តរកូរ៉េ កាលពីម្សិលមិញថា នឹងធ្វើការជាមួយដើម្បីសម្រេចឲ្យបាននូវការលុបបំបាត់ចោលទាំងស្រុងនៃអាវុធនុយក្លេអ៊ែរពីឧបទ្វីបកូរ៉េ៕