(អាមេរិក)៖ ទីភ្នាក់ងារអវកាស NASA ត្រូវគេរាយការណ៍ថា បានសម្រេចលុបចោលបេសកកម្មមួយ ដែលមានគោលដៅវាយតម្លៃទៅលើធនធាន ដែលអាចប្រើប្រាស់ដោយមនុស្សនៅលើឋានព្រះច័ន្ទបាន ខណៈរដ្ឋបាលប្រធានាធិបតីលោក ដូណាល់ ត្រាំ កំពុងផ្តោតសំខាន់ទៅលើការបញ្ជូនអវកាសយានិកត្រឡប់ទៅកាន់ទីនោះជាថ្មីម្តងទៀត។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Space.com នៅរសៀលថ្ងៃសៅរ៍ ទី២៨ ខែមេសា ឆ្នាំ២០១៨។
បើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន The Verge ដែលដកស្រង់ដោយវែបសាយ Space.com បេសកកម្ម Resource Prospector មានគោលដៅបញ្ជូនយានរុករក (Rover) ទៅកាន់តំបន់ប៉ូលរបស់ព្រះច័ន្ទ ដើម្បីសិក្សាពីស្ថានភាពទឹក និងធនធានអាចប្រើប្រាស់បានដទៃទៀត ដែលស្ថិតនៅលើ ឬនៅខាងក្រោមផ្ទៃរបស់ព្រះច័ន្ទ។
ជុំវិញរឿងនេះ អ្នកវិទ្យាសាស្រ្តបានផ្ញើលិខិតចំហមួយទៅកាន់ ប្រធានទើបត្រូវតែងតាំងថ្មីរបស់អង្គការ NASA គឺលោក Jim Bridenstine ដោយទទូចកុំឲ្យលោកបិទបេសកកម្ម ដែលទាក់ទិននឹងឋានព្រះច័ន្ទតែមួយគត់ នាពេលបច្ចុប្បន្នរបស់ទីភ្នាក់ងារអវកាសនេះឡើយ ហើយម៉្យាងវិញទៀតនោះ វាបានបន្តស្ថិតក្រោមការអភិវឌ្ឍអស់រយៈពេលប្រមាណជា ០៤ឆ្នាំមកហើយ។
បេសកកម្មខាងលើ រួមមាននូវយានចុះចត (Lander) មួយគ្រឿង និងយានរុករក (Rover) មួយគ្រឿងទៀត ដែលដើរដោយថាមពលព្រះអាទិត្យ មានបំពាក់នូវម៉ាស៊ីនខួង ដែលនឹងធ្វើការស្គែនផ្ទៃរបស់ព្រះច័ន្ទហើយខួងជីកយកដីរបស់វា សម្រាប់ការធ្វើពិសោធន៍។ អ្នកវិទ្យាសាស្រ្តដឹងថា នៅឋានព្រះច័ន្ទគឺមានវត្តមានទឹកប៉ុន្តែក្នុងទម្រង់កក ហើយបេសកកម្ម Resource Prospector មានតួនាទីផ្តល់ឲ្យពួកគេនូវការយល់ដឹងកាន់តែពេញលេញជាងមុនអំពីធនធាននេះ។
ដោយឡែក ការសម្រេចលុបចោលបេសកកម្ម Resource Prospector បែបនេះ មើលទៅហាក់ដូចជាចម្លែក ដោយសម្អាងលើគម្រោងរបស់រដ្ឋបាលអាមេរិកនាពេលបច្ចុប្បន្នសម្រាប់អង្គការ NASA។ ប្រធានាធិបតី លោក ដូណាល់ ត្រាំ ជាដដែលៗបានស្នើឲ្យ NASA ធ្វើយ៉ាងណាបញ្ជូនមនុស្សទៅកាន់ឋានព្រះច័ន្ទសាជាថ្មីម្តងទៀត ហើយថែមទាំងបានចេញសារាចរណ៍អវកាស ដោយបង្គាប់ឲ្យទីភ្នាក់ងារអវកាសអាមេរិក នាំយកក្រុមអវកាសយានិកឲ្យទៅដល់ព្រះច័ន្ទ នៅមុនបេសកកម្មបញ្ជូនមនុស្សទៅកាន់ភពព្រះអង្គារ និងទីកន្លែងឆ្ងាយៗផ្សេងទៀតផងដែរ។
គិតមកទល់ពេលនេះ ពុំមានបេសកកម្មណាមួយផ្សេងទៀតរបស់អង្គការ NASA ដែលកំពុងត្រូវរៀបចំឡើងដើម្បីធ្វើដំណើរទៅកាន់ផ្ទៃរបស់ឋានព្រះច័ន្ទឡើយ គឺមានតែគម្រោងនៃការបង្កើតស្ថានីយអវកាសមួយ នៅក្បែរគន្លងរបស់វាប៉ុណ្ណោះ៕