(ញូយ៉ក)៖ ក្រុមហ៊ុនអាកាសចរណ៍អាមេរិក Southwest Airlines ត្រូវបានអ្នកដំណើរម្នាក់ដាក់ពាក្យបណ្តឹង ដោយម្នាក់នោះបានធ្វើដំណើរនៅលើជើងហោះហើរលេខ ១៣៨០ របស់អាកាសចរណ៍មួយនេះ កាលពីសប្តាហ៍មុន ខណៈដែលយន្តហោះដឹកអ្នកដំណើរនោះ បានផ្ទុះម៉ាស៊ីនមួយចំហៀង ហើយធ្វើឲ្យមនុស្សម្នាក់ស្លាប់។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃសៅរ៍ ទី២៨ ខែមេសា ឆ្នាំ២០១៨។
ពាក្យបណ្តឹងខាងលើ ដែលត្រូវបានដាក់ជូនទៅកាន់តុលាការសង្កាត់ភាគខាងលិចនៃរដ្ឋ ភែនស៊ីលវេនៀ (Pennsylvania) បានអះអាងថា ចាប់តាំងតែពេលឧប្បដិហេតុលើផ្ទៃអាកាសនោះបានកើតឡើងមក អ្នកដំណើរដែលជាដើមបណ្តឹងមានឈ្មោះថា លីលា ឆាវែស (Lilia Chavez) បានធ្លាក់ខ្លួនមានជំងឺរន្ធត់ផ្លូវចិត្តជាខ្លាំង ហើយតែងតែភ័យអន្ទះអន្ទែង ក៏ដូចជាកើតទុក្ខសោកដៅ និងទទួលរងរបួសផ្ទាល់ដទៃទៀត។
គួរជម្រាបថា ក្រុមហ៊ុនអាកាសចរណ៍ Southwest បានទទួលការរិះគន់ជាខ្លាំង ជាពិសេសនៅក្នុងអំឡុងពេលប៉ុន្មានថ្ងៃ ក្រោយពីម៉ាស៊ីនប្រភេទ CFM56-7B នៅស្លាបមួយចំហៀងរបស់យន្តហោះ Boeing 737-700 របស់ខ្លួនបានផ្ទុះ នៅក្នុងជើងហោះហើរកាលពីថ្ងៃទី១៧ ខែមេសា ដែលបានធ្វើឲ្យបែកកញ្ចក់បង្អួច រហូតឈានធ្វើឲ្យអ្នកដំណើរតែម្នាក់ប៉ុណ្ណោះឈ្មោះ ជែននីហ្វឺ រីយ៉ូដាន (Jennifer Riordan) ដែលអង្គុយនៅជាប់នោះ និងស្ថិតក្នុងចំណោមមនុស្សទាំងអស់ ១៤៩នាក់ នៅលើយន្តហោះ បានបាត់បង់ជីវិត៕