(ចិន)៖ ក្រោយពីបានទទួលស្វាគមន៍ការបំពេញទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) ដែលបានធ្វើដំណើរមកកាន់ប្រទេសចិនកាលពីថ្ងៃសុក្រម្សិលមិញនេះ លោក ស៊ី ជិនពីង នាព្រឹកថ្ងៃនេះក៏បានអញ្ជើញ លោក Modi មកដើរបណ្តើរ និងពិភាក្សាបណ្តើរ នៅឯមាត់បឹងដ៏ស្រស់បំព្រងមួយកន្លែង ស្ថិតក្នុងទីក្រុង វូហាន (Wuhan) នៃខេត្តហ៊ូបៃ (Hubei) ភាគកណ្តាលចិន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានចិន CGTN នៅរសៀលថ្ងៃសៅរ៍ ទី២៨ ខែមេសា ឆ្នាំ២០១៨។
នាព្រឹកថ្ងៃសៅរ៍នេះ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងលោក Narendra Modi បានប្តូរបរិយាកាសនៃកិច្ចជួបពិភាក្សារបស់លោកទាំងពីរ ដោយបានផ្លាស់មកនៅទីវាលកណ្តាលធម្មជាតិ ដ៏ស្រស់ត្រកាលវិញម្តង។ នាអំឡុងពេលនោះ លោក ស៊ី និងលោក Modi បានដើរបណ្តើរ និងជជែកគ្នាបណ្តើរ ដោយបានផ្លាស់ប្តូរទស្សនទៅវិញទៅមក ជុំវិញបញ្ហាសាកលលោក និងនៅក្នុងតំបន់ពាក់ព័ន្ធនឹងក្តីព្រួយបារម្ភរបស់ប្រទេសទាំងពីរ។
គួរបញ្ជាក់ថា ជំនួបនាថ្ងៃសុក្រ និងថ្ងៃសៅរ៍សប្តាហ៍នេះ គឺជាជំនួបក្រៅផ្លូវការរបស់លោក Narendra Modi ជាមួយលោក ស៊ី ជិនពីង ហើយវាគឺជាលើកទី ៤ ហើយ ដែលលោកនាយករដ្ឋមន្រ្តីឥណ្ឌារូបនេះ បានធ្វើទស្សនកិច្ចមកកាន់ប្រទេសចិន គិតចាប់តាំងតែពីលោក បានឡើងកាន់អំណាចកាលពីឆ្នាំ២០១៤៕
គួរជម្រាបផងដែរថា កាលពីម្សិលមិញនេះប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន និងប្រមុខដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដែលបានបើកកិច្ចប្រជុំកំពូលអន្តរកូរ៉េជាប្រវត្តិសាស្រ្តរវាងលោកទាំងពីរ ក៏បានទាក់ទាញក្រស្រែភ្នែកអន្តរជាតិតាមរយៈការបណ្តើរគ្នា ទៅអង្គុយជជែកពិភាក្សានៅកណ្តាលសម្រស់ធម្មជាតិ លើដងស្ពានពណ៌ខៀវមួយកន្លែង ដែលស្ថិតក្នុងភូមិ Panmunjon ជាតំបន់ខណ្ឌចែកឧបទ្វីបកូរ៉េផងដែរ៕