(ព្យុងយ៉ាង)៖ សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានចេញផ្សាយជាសាធារណៈដល់ប្រជាជនក្នុងប្រទេសរបស់ខ្លួនថា នៅក្នុងជំនួបរវាងប្រមុខដឹកនាំកំពូល លោក គីម ជុងអ៊ុន និងប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បាននាំឲ្យប្រទេសទាំងពីរឈានទៅរកកិច្ចព្រមព្រៀងដើម្បីសម្រេចគោលដៅ «លុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុង»។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី២៨ ខែមេសា ឆ្នាំ២០១៨។
គួរបញ្ជាក់ថា កាលពីថ្ងៃម្សិលមិញនេះ គឺជាទិវាប្រវត្តិសាស្ត្រគួរជាទីចងចាំសម្រាប់កូរ៉េទាំងពីរ ក៏ដូចជាអន្តរជាតិ ដោយសារតែគ្រប់គ្នាបានមើលឃើញបងប្អូនកូរ៉េទាំងពីរ ព្រមបន្ទន់ឥរិយាបថ និងអង្គុយចុះចរចាគ្នាប្រកបដោយភាពកក់ក្តៅបំផុត មិនធ្លាប់មានរយៈពេល ១១ឆ្នាំមកហើយ។ នៅក្នុងនោះសេចក្តីថ្លែងការណ៍រួម ក៏ត្រូវបានសម្រេចចេញផងដែរ ដោយសុទ្ធសឹងតែជាភាពវិជ្ជមាន ដែលគ្រប់គ្នាចង់ឃើញ។
សម្រាប់ចំណុចសំខាន់ៗដែលគួរឲ្យកត់សម្គាល់ នៃសេចក្តីថ្លែងការណ៍រួមកាលពីល្ងាចថ្ងៃសុក្រម្សិលមិញ នៅក្នុងដំណើរទស្សនកិច្ចលោក គីម ជុងអ៊ុន នៅកូរ៉េខាងត្បូងនោះ គឺមានដូចជា កិច្ចព្រមព្រៀងសន្តិភាពជាអចិន្ត្រៃយ៍មួយ ត្រូវតែសម្រេចឲ្យបាននៅក្នុងឆ្នាំ២០១៨នេះ, កូរ៉េខាងជើងព្រមលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុង, លោក មូន ជែអ៊ីន នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងវិញ, ការរៀបជំនួបរវាងក្រុមគ្រួសារដែលបែកបាក់ដោយសារតែសង្គ្រាមឡើងវិញ និងការសន្យាបើកកិច្ចពិភាក្សាដូចខាងលើនេះ ឲ្យបានញឹកញាប់ជាដើម៕