(វ៉ាស៊ីនតោន)៖ នាថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅអាមេរិក) អធិការបតីអាល្លឺម៉ង់ លោកស្រី អាន់ជែឡា មឺគែល (Angela Merkel) បានមកបំពេញទស្សនកិច្ចរយៈពេលមួយថ្ងៃនៅឯសេតវិមានរបស់លោក ដូណាល់ ត្រាំ ក្នុងគោលបំណងបញ្ចុះបញ្ចូលប្រធានាធិបតីអាមេរិករូបនេះ ពីបញ្ហាកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ និងបញ្ហាវិស័យពាណិជ្ជកម្ម ដែលសុទ្ធតែជាបញ្ហាដ៏កក្តៅគគុក។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន BBC នៅព្រឹកថ្ងៃសៅរ៍ ទី២៨ ខែមេសា ឆ្នាំ២០១៨។
លោកស្រី Merkel បាននិយាយថា លោកស្រីនឹងបន្តធ្វើការទាក់ទងយ៉ាងជិតស្និទ្ធ ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលរូបលោកអាចនឹងលុបចោល។ លោកស្រីអធិការបតីអាល្លឺម៉ង់ បានចាត់ទុកកិច្ចព្រមព្រៀងអន្តរជាតិឆ្នាំ២០១៥នេះថា ជាជំហានដំបូងដ៏សំខាន់មួយ ដែលបានទប់ស្កាត់រដ្ឋាភិបាលទីក្រុងតេហេរ៉ង់ មិនឲ្យធ្វើការអភិវឌ្ឍអាវុធនុយក្លេអ៊ែរឡើងវិញ។
មួយវិញទៀត ភាពខ្វែងគំនិតគ្នារបស់លោកស្រី Merkel និងលោក ត្រាំ ជុំវិញបញ្ហាពាណិជ្ជកម្ម ត្រូវបានគេមើលឃើញយ៉ាងជាក់ស្តែង នៅអំឡុងការធ្វើសន្និសីទសារព័ត៌មានរួមគ្នា របស់មេដឹកនាំប្រទេសទាំងពីរ។ លោកស្រី បានសង្ឃឹមថា នឹងអាចបញ្ចុះបញ្ចូលលោក ដូណាល់ ត្រាំ កុំឲ្យបង្កើនពន្ធអាមេរិកទៅលើការផលិតផលនាំចូលដែក និងអាលុយមីញ៉ូមពីអឺរ៉ុប។ ទីក្រុងប៊ែរឡាំង រំពឹងថាការលើកលែងពន្ធរបស់សហរដ្ឋអាមេរិកចំពោះខ្លួន នឹងត្រូវផុតកំណត់នៅថ្ងៃទី០១ ដើមខែឧសភាឆាប់ៗខាងមុខនេះ។
កាលពីមួយខែមុន សហរដ្ឋអាមេរិក បានចេញចំណាត់ការដំឡើងពន្ធ២៥ភាគរយ ទៅលើការនាំចូលដែក និង១០ភាគរយទៅលើការនាំចូលអាលុយមីញ៉ូម ប៉ុន្តែបានផ្តល់ការលើកលែងដល់សហភាពអឺរ៉ុប, ដៃគូកិច្ចព្រមព្រៀងពាណិជ្ជកម្ម NAFTA ដូចជាកាណាដា និងម៉ិចស៊ីកូ ព្រមទាំងអាហ្សង់ទីន ប្រេស៊ីល អូស្រ្តាលី និងកូរ៉េខាងត្បូង ប៉ុន្តែការលើកលែងទាំងនោះ នឹងត្រូវផុតកំណត់នៅថ្ងៃអង្គារសប្តាហ៍ក្រោយនេះ។
គួរជម្រាបថា លោកស្រី Merkel បានបរាជ័យក្នុងការបង្កើតទំនាក់ទំនងប្រសើរមួយជាមួយលោក ដូណាល់ ត្រាំ ហើយបរិយាកាសនៃដំណើរទស្សនកិច្ចការងាររយៈពេលខ្លីរបស់លោកស្រី នៅឯរដ្ឋធានីវ៉ាស៊ីនតោន គឺស្ទើរតែផ្ទុយទាំងស្រុងពីដំណើរទស្សនកិច្ចរយៈពេល ០៣ថ្ងៃ កាលពីថ្មីៗរបស់លោក ម៉ាក្រុង (Macron) ជាមួយលោក Trump ដែលមានភាពរាក់ទាក់ និងស្វាគមន៍ជាខ្លាំងរវាងមេដឹកនាំទាំងពីរ៕