(សេអ៊ូល)៖ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ប្រមុខដឹកនាំវ័យក្មេងកូរ៉េខាងជើង ត្រូវបានប្រជាជនកូរ៉េខាងត្បូងចាត់ទុកថា ជាបុគ្គលឃោឃៅគ្មានធម៌មេត្តាម្នាក់ ដែលដឹកនាំប្រទេសជិតខាងរបស់ពួកគេ ក្នុងការអភិវឌ្ឍអាវុធមហាប្រល័យ ប៉ុន្តែក្នុងអំឡុងនៃការបំពេញទស្សនកិច្ច ឆ្លងព្រំដែនមកកាន់ទឹកដីកូរ៉េខាងត្បូងរយៈពេលប្រមាណ ១២ម៉ោងកាលពីថ្ងៃសុក្រម្សិលមិញនេះ លោក គីម ជុងអ៊ុន ហាក់ដូចជាបានលើកស្ទួយមុខមាត់របស់លោក តាមរយៈការបង្ហាញខ្លួនជាមនុស្សធម្មតា និងគួរឲ្យចូលចិត្តរាប់អាន ជាមួយឥរិយាបថទៀតត្រង់ដាក់ខ្លួន និងវៃឆ្លាត។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃសៅរ៍ ទី២៨ ខែមេសា ឆ្នាំ២០១៨។
ម្សិលមិញនេះគឺជាឱកាសដ៏កម្រមួយ សម្រាប់ឲ្យអន្តរជាតិបានសង្កេតមើលពេញភ្នែកចំពោះលោក គីម ជុងអ៊ុន ដែលជាធម្មតាមិនងាយចាកចេញពីប្រទេសកំណើតរបស់លោកឡើយ។ នៅក្នុងការផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ ដែលត្រូវបានទស្សនាដោយជនជាតិកូរ៉េខាងត្បូងរាប់លាននាក់ លោក គីម បានបង្ហាញស្នាមញញឹមយ៉ាងកក់ក្តៅ ការផ្ទុះសំណើច ការជជែកគ្នាលេង ការនិយាយរឿងកំប្លែង និងបានឱបរឹតជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន ថែមទៀតផង នៅអំឡុងកិច្ចប្រជុំកំពូលអន្តរកូរ៉េលើកទីមួយរបស់មេដឹកនាំទាំងពីរ។
ប្រជាជនកូរ៉េមួយចំនួនបានលើកឡើងថា ពួកគេធ្លាប់តែឃើញលោក គីម នៅតាមប្រព័ន្ធផ្សព្វផ្សាយ ដោយឈរធ្វើមុខមាំៗ នៅឯទីតាំងធ្វើតេស្តនុយក្លេអ៊ែរ និងមីស៊ីល ឬព្រឹត្តិការណ៍នយោបាយផ្សេងៗ ប៉ុន្តែតាមពិតទៅលោក គីម មើលទៅដូចជាមានភាពរួសរាយរាក់ទាក់ខ្លាំង និងគួរឲ្យគោរពនៅពេលលោកជួបជាមួយលោក មូន។
យ៉ាងណាមិញ បើតាមមន្រ្តី និងអ្នកជំនាញអាមេរិកមួយចំនួន បានបង្ហាញមន្ទិលចំពោះភាពស្មោះត្រង់របស់ លោក គីម ជុងអ៊ុន ហើយបានមើលឃើញភាពឱនលំទោនផ្នែកការទូតនាពេលថ្មីៗនេះ របស់កូរ៉េខាងជើងថា មានគោលបំណងដើម្បីរើបំរាស់ខ្លួនចេញពីទណ្ឌកម្មសេដ្ឋកិច្ច ដែលបានដាក់ទៅលើទីក្រុងព្យុងយ៉ាង ដោយអន្តរជាតិតែប៉ុណ្ណោះ។ ទោះបីជាបែបនេះក្តី គ្រប់គ្នានៅតែចង់ឃើញការវិវឌ្ឍន៍ទៅមុខដ៏វិជ្ជមាន នៃទំនាក់ទំនងកូរ៉េទាំងពីរ រួមទាំងមហាអំណាចដែលស្ថិតនៅពីក្រោយខ្នង នៃបងប្អូនទាំងពីរនេះ ព្រោះវាជាផលប្រយោជន៍រួម ដែលសកលលោកចង់បាន។
គួរជម្រាបថា ជារឿយៗលោក គីម ជុងអ៊ុន ត្រូវប្រទេសលោកខាងលិចវាយតម្លៃថា ជាមនុស្សគ្មានធម៌មេត្តាម្នាក់ ដោយលោកត្រូវបានគេចោទប្រកាន់ថា បានបញ្ជាឲ្យមានការធ្វើលួចធ្វើឃាតបងប្រុសម្តាយទីទៃ និងសម្លាប់ពូបង្កើតរបស់ខ្លួនជាដើម ដើម្បីប្រមូលផ្តុំអំណាច ប៉ុន្តែបញ្ហាផ្ទៃក្នុងនៃគ្រួសារត្រកូលគីមនេះ មិនមែនជារឿងដែលត្រូវរំលឹកទៀតឡើយ ព្រោះពេលនេះគោលដៅធំៗពីរដែលសហគមន៍អន្តរជាតិចង់ឲ្យមានការដោះស្រាយនោះគឺ ទីមួយការលប់បំបាត់អាវុធនុយក្លេអ៊ែរ និងទីពីរការបង្កើតកិច្ចព្រមព្រៀងសន្តិភាព ដើម្បីភាពសុខសាន្តជាអចិន្ត្រៃយ៍នៅលើឧបទ្វីបកូរ៉េ ព្រមទាំងថ្នាក់តំបន់ និងអន្តរជាតិ៕