(យូអិន)៖ សមាជិកនៃក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ (UNSC) បានចាកចេញទៅបំពេញទស្សនកិច្ច នៅជុំរុំជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ដែលបានរត់គេចចេញពីអំពើហិង្សា នៅភាគខាងលិចមីយ៉ាន់ម៉ា ទៅជ្រកកោណបណ្តោះអាសន្ន នៅព្រំដែនបង់ក្លាដែស ហើយកើនឡើងចំនួនដល់ខ្ទង់លាននាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី២៨ ខែមេសា ឆ្នាំ២០១៨។
មន្ត្រីនៃក្រុមប្រឹក្សាសន្តិសុខ UN បានធ្វើការឈប់ប្តូរជើងហោះហើរ នៅប្រទេសគុយវ៉េត មុននឹងបន្តទៅកាន់ប្រទេសបង់ក្លាដែស ហើយបន្ទាប់មកទៀតពួកគេនឹងធ្វើដំណើរទៅជំរុំជនភៀសខ្លួននៃតំបន់ Bazar ព្រមទាំងបំពេញទស្សនកិច្ចនៅរដ្ឋធានីដាកាផងដែរ នៅអំឡុងចុងសប្តាហ៍នេះ។ ក្រោយពីបញ្ចប់កិច្ចការនៅបង់ក្លាដែស មន្ត្រីខាងលើនេះនឹងបន្តដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ាបន្ថែមទៀត ដើម្បីស្វែងយល់ស្ថានភាពទាំងសងខាង។
លោក Stephane Dujarric អ្នកនាំពាក្យអគ្គលេខាធិការ UN បានឲ្យដឹងថា មន្ត្រីទាំងអស់បានចេញទៅបំពេញទស្សនកិច្ចខាងលើ បន្ទាប់ពីទទួលបានរបាយការណ៍អំពីការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់ UN ថាជនភៀសខ្លួនរ៉ូហ៊ីងយ៉ា កំពុងស្នាក់នៅប្រទេសបង់ក្លាដែស បានកើនឡើងដល់ ១លាននាក់ហើយ ដោយក្នុងនោះជាង ៦៧០,០០០នាក់ បានសម្រុកទៅទីនោះ គិតចាប់តាំងពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ ជាពេលដែលអំពើហិង្សានៅមីយ៉ាន់ម៉ាភាគខាងលិច ផ្ទុះឡើងក្នុងទ្រង់ទ្រាយធំ។
គួរបញ្ជាក់ថា ទស្សនកិច្ចខាងលើនេះ គឺធ្វើឡើងដើម្បីស្វែងរកវិធីដោះស្រាយបញ្ហាជនជាតិរ៉ូហ៊ីងយ៉ា និងត្រួសត្រាយផ្លូវសម្រាប់ការធ្វើមាតុភូមិនិវត្តន៍ពួកទៅកាន់មីយ៉ាន់ម៉ាវិញ នៃជនភៀសខ្លួនឲ្យបានតាមតំណាក់កាល ដែលជាការព្រមព្រៀងគ្នារវាងរដ្ឋាភិបាលបង់ក្លាដែស និងមីយ៉ាន់ម៉ា ក្រោមការឃ្លាំមើល និងជួយជ្រោមជ្រែងពីសហគមន៍អន្តរជាតិ៕