(បូហ្គោតា)៖ យោងតាមអាជ្ញាធរកូឡុំប៊ីបានឲ្យដឹងថា យន្តហោះខ្នាតបង្គួរដែលដឹកក្រុមកីឡារប្រេស៊ីល និងសហសេវិកសរុប ៧៧នាក់ និងធ្លាក់នៅក្នុងព្រៃមួយនៃប្រទេសតំបន់អាមេរិកខាងត្បូងមួយនេះកាលពីឆ្នាំ២០១៦នោះ គឺដោយសារតែមូលហេតុអស់សាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី២៨ ខែមេសា ឆ្នាំ២០១៨។
របាយការណ៍ចុងក្រោយនេះ ត្រូវបានចេញផ្សាយដោយអាជ្ញាធរអាកាសចរណ៍ស៊ីវិលកូឡុំប៊ី (CCAA) ដោយអះអាងថា យន្តហោះ Avro RJ85 បានអស់សាំង មុនទៅដល់គោលដៅនៃព្រលានយន្តហោះទីក្រុង Medellin ប្រទេសកូឡុំប៊ី។ អ្នកដំណើរ ៧១នាក់ (ភាគច្រើនបំផុតជាកីឡាករនៃក្រុមបាល់ទាត់ក្លឹប Chapecoense) ក្នុងចំណោមមនុស្សជិះនៅលើយន្តហោះទាំងអស់ ៧៧នាក់ បានស្លាប់បាត់បង់ជិវិត។
លោក Miguel Camacho ប្រធានផ្នែកស៊ើបអង្កេតរបស់ CCAA លើករណីធ្លាក់យន្តហោះ ដែលបានធ្វើដំណើរមកពីប្រទេសនោះ បានអះអាងថា «យន្តហោះបានបន្លឺសំឡេង និងលោតភ្លើងសញ្ញាប្រកាសអាសន្ន ដែលបង្ខំឲ្យក្រុមអាកាសយានិក ចាត់វិធានការជាបន្ទាន់ដើម្បីគ្រប់គ្រងស្ថានការណ៍ ពេលយន្តហោះជិតអស់សាំងមែនទែន»។
គួរបញ្ជាក់ថា យន្តហោះខាងលើនេះ ត្រូវបានរៀបចំឲ្យធ្វើដំណើររយៈចម្ងាយ ២,៩៧២គីឡូម៉ែត្រឯណោះ ប៉ុន្តែសាំងដែលមាននៅក្នុងយន្តហោះ គឺមានមិនគ្រប់គ្រាន់នោះឡើយ ហើយអាកាសយានិក និងផ្នែកគ្រប់គ្រងការហោះហើរ មិនបានជូនដំណឹងនេះឡើយ ដោយនៅតែជម្នះធ្វើការហោះហើរទាំងដែលដឹងថា សាំងមិនគ្រប់គ្រាន់ទៀត។ ជុំវិញសោកនាដកម្មនេះ ប្រធានក្រុម LaMia លោក Gustavo Vargas Gamboa ជាម្ចាស់យន្តហោះដែលបានធ្លាក់នោះ ត្រូវបានតុលាការចោទប្រកាន់ពីបទមនុស្សឃាត៕