(វូហាន)៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានថ្លែងក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិដ្រា ម៉ូឌី ថាលោករំពឹងចង់ឲ្យកិច្ចជំនួបពិភាក្សាគ្នា រវាងមេដឹកនាំប្រទេសទាំងពីរនៅក្នុងរយៈពេល ០២ថ្ងៃនេះ ក្លាយជាការបើកទំព័រថ្មីនៃទំនាក់ទំនងទ្វេភាគី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី២៨ ខែមេសា ឆ្នាំ២០១៨។
លោក ម៉ូឌី បានមកដល់ទីក្រុងវូហាន (Wuhan) នៃខេត្តហ៊ូបៃ (Hubei) ភាគកណ្តាលប្រទេសចិន ដើម្បីបំពេញទស្សនកិច្ចរយៈពេលពីរថ្ងៃនៅប្រទេសចិន ដោយចាប់ផ្តើមកាលពីថ្ងៃសុក្រម្សិលមិញនេះ។ នៅក្នុងជំនួបដំបូង លោក ស៊ី បានថ្លែងស្វាគមន៍មេដឹកនាំប្រទេសភូមិផងរបងជាមួយគ្នារូបនេះ ហើយលោកក៏បានរំលឹកផងដែរអំពីការវិវឌ្ឍន៍នានានៅក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ ជុំវិញទំនាក់ទំនងច្រើនវិស័យរវាងចិន និងឥណ្ឌា។
លោក ស៊ី បានសង្កត់ធ្ងន់នៅក្នុងជំនួបមិនផ្លូវការ (informal meeting) យ៉ាងដូច្នេះថា «កិច្ចសហប្រតិបត្តិការដ៏អស្ចារ្យរវាងប្រទេសដ៏ធំធេងទាំងពីរនេះ អាចជះឥទ្ធិពលដល់ពិភពលោកទាំងមូល»។ ដោយឡែកនាយករដ្ឋមន្ត្រីឥណ្ឌាវិញ បាននិយាយថា «កិច្ចប្រជុំលើកនេះមាននូវភាពគួរឲ្យកត់សម្គាល់ជាប្រវត្តិសាស្ត្រ»។
គួរបញ្ជាក់ថា ទស្សនកិច្ចរបស់លោក ម៉ូឌី គឺតបតាមការអញ្ជើញពីលោក ស៊ី ជិនពីង ដោយស្ថិតនៅក្នុងគោលដៅធ្វើឲ្យប្រសើរឡើង នៃទំនាក់ទំនងរបស់មហាយក្សអាស៊ីទាំងពីរ ដែលមានភូមិផងរបងជាមួយគ្នា ចំពោះមុខបញ្ហាជាច្រើនទាំងក្នុងតំបន់ និងអន្តរជាតិ។ ឥណ្ឌា និងចិនក៏នៅមានបញ្ហារកាំរកូសមួយចំនួនផងដែរ ជាពិសេសការតឹងសសៃកដាក់គ្នាជុំវិញព្រំដែនមានជម្លោះកាលពីឆ្នាំ២០១៧ កន្លងទៅនេះ៕