(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី២៧ ខែមេសា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិជាប្រវត្តិសាស្រ្តដ៏សំខាន់មួយ បានកើតឡើងនៅឯឧបទ្វីបកូរ៉េ គឺជំនួបកំពូលជាលើកដំបូងបង្អស់រវាង មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន។ សូមទស្សនាកម្រងរូបភាពនៃព្រឹត្តិការណ៍នេះដូចខាងក្រោម៖
១៖ លោក មូន ជែអ៊ីន ឈររង់ចាំទទួលការមកដល់របស់លោក គីម ជុងអ៊ុន នៅឯខ្សែបន្ទាត់ខណ្ឌចែកព្រំដែនកូរ៉េ ដែលស្ថិតក្នុងភូមិ Panmunjom។
២៖ ពេលឈានជើងចូលមកដល់ក្នុងដីកូរ៉េខាងត្បូង លោក គីម ជុងអ៊ុន អញ្ជើញហើយអូសដៃលោក មូន ជែអ៊ីន ដើរឆ្លងទៅទឹកដីខាងកូរ៉េខាងជើងមួយភ្លែតវិញ ដើម្បីបង្ហាញពីភាពស្មើគ្នា។
៣៖ លោក មូន ជែអ៊ីន និងលោក គីម ជុងអ៊ុន ថតរូបទុកជាអនុស្សាវរីយ៍ជាមួយក្រុមមន្រ្តីជាន់ខ្ពស់កូរ៉េខាងត្បូង-កូរ៉េខាងជើង ចំនួន១៨នាក់ផ្សេងទៀត។
៤៖ លោក មូន ជែអ៊ីន និងលោក គីម ជុងអ៊ុន ត្រួតពលកងកិត្តិយស ក្រោយពីលោក គីម បានឆ្លងចូលមកទឹកដីកូរ៉េខាងត្បូង ដើម្បីត្រៀមបើកកិច្ចប្រជុំកំពូល។
៥៖ ក្រុមមន្រ្តីសន្តិសុខកូរ៉េខាងជើង ធ្វើការត្រួតពិនិត្យនិងរៀបចំតុសម្រាប់ឲ្យលោក គីម ជុង អង្គុយចុះហត្ថលេខាលើសៀវភៅទទួលភ្ញៀវនៅឯអគារ Peace House។
៦៖ លោក គីម ជុងអ៊ុន ចុះហត្ថលេខានិងចារនៅលើសៀវភៅទទួលភ្ញៀវ នៅឯអគារសន្តិភាព (Peace House) ក្នុងភូមិ Panmunjom ដែលខណ្ឌចែកកូរ៉េទាំងពីរ។
៧៖ លោក មូន ជែអ៊ីន និង លោក គីម ជែអ៊ុន ធ្វើការសំណេះសំណាលគ្នា នៅមុនការចាប់ផ្តើមនៃកិច្ចប្រជុំកំពូលអន្តរកូរ៉េ ក្នុងអគារសន្តិភាពរបស់កូរ៉េខាងត្បូង។
៨៖ ជំនួបជុំទីមួយរវាងមេដឹកនាំកូរ៉េទាំងពីរ បញ្ចប់ទៅក្រោយរយៈពេលជិត២០ម៉ោង ហើយលោក មូន ជែអ៊ីន និងលោក គីម ជុងអ៊ុន ក៏ចាកចេញទៅទទួលទានអាហារពេលថ្ងៃត្រង់រៀងៗខ្លួន ដោយលោក គីម ឡើងជិះរថយន្តប្រណិតម៉ាក Mercedes-Benz ពណ៌ខ្មៅ ត្រឡប់ចូលទៅកាន់ទឹកដីកូរ៉េខាងជើងវិញសិន ជាមួយកងអង្គរក្សាចំនួន១២នាក់ នៅរត់អមការពារជុំវិញ។
៩៖ ក្រោយពីបាយថ្ងៃត្រង់ហើយ លោក គីម ជុងអ៊ុន និងប្រតិភូកូរ៉េខាងជើងត្រឡប់ចូលមកទឹកដីកូរ៉េខាងត្បូង ក្នុងភូមិ Panmunjom វីញ ដើម្បីចូលរួមពិធីដាំដើមឈើជានិមិត្តរូបជាមួយលោក មូន ជែអ៊ីន។ តាមពិតវាពុំមែនជាការដាំកូនឈើផ្ទាល់នោះឡើយ ដោយមេដឹកនាំទាំងពីររូប គ្រាន់តែបន្ថែមដីនិងស្រោចទឹក ដែលយកមកពីដែនដីរៀងៗខ្លួន ទៅលើដើមស្រល់ដ៏ចំណាស់មួយដើម ដែលមានអាយុកាលតាំងពីសម័យសង្រ្គាមកូរ៉េ (១៩៥០-១៩៥៣) ប៉ុណ្ណោះ។
១០៖ ក្រោយពីចូលរួមពិធីដាំដើមឈើរួចលោក មូន ជែអ៊ីន និងលោក គីម ជុងអ៊ុន បណ្តើរគ្នាទៅអង្គុយជជែកតែពីរនាក់តទល់លើស្ពានពណ៌ខៀវមួយ ដែលស្ថិតក្នុងបរិវេណភូមិ Panmunjom។
១១៖ លោក មូន ជែអ៊ីន និងលោក គីម ជុងអ៊ុន ឱបគ្នាយ៉ាងជិតស្និទ្ធិក្រោយពីចុះហត្ថលេខាលើសេចក្តីប្រកាសលទ្ធផលនៃកិច្ចប្រជុំកំពូលរួច។
១២៖ លោក មូន ជែអ៊ីន និងលោក គីម ជុងអ៊ុន ធ្វើសេចក្តីថ្លែងការណ៍រួមពីកិច្ចព្រមព្រៀងនានា ដែលជាលទ្ធផលនៃកិច្ចជំនួបជាប្រវត្តិសាស្រ្តរវាងមេដឹកនាំប្រទេសទាំងពីរ។
១៣៖ លោក មូន ជែអ៊ីន និងភរិយា ព្រមទាំងលោក គីម ជុងអ៊ុននិងភរិយា ចូលរួមពីធីជប់លៀងអាហារពេលល្ងាច ដែលជាកម្មវិធីបញ្ចប់រៀបចំឡើងដោយលោកប្រធានាធិបតីកូរ៉េខាងត្បូង មុនពេលលោក គីម វិលត្រឡប់ទៅកាន់ប្រទេសរបស់លោកវិញ ក្រោយពីបានចូលរួមជំនួបកំពូលអស់រយៈពេលមួយថ្ងៃពេញនេះ៕