(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅថ្ងៃសុក្រនេះបានឯកភាព បញ្ចប់រាល់សកម្មភាពអរិភាពរវាងប្រទេសទាំងពីរ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង បិទបញ្ចប់ជាផ្លូវការនូវសង្រ្គាមកូរ៉េ (១៩៥០-១៩៥៣) និងស្វែងរកសន្ធិសញ្ញាសន្តិភាពអចិន្ត្រៃយ៍សម្រាប់ឧបទ្វីបកូរ៉េ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅល្ងាចថ្ងៃសុក្រ ទី២៧ ខែមេសា ឆ្នាំ២០១៨។
យោងតាមសេចក្ដីថ្លែងការណ៍រួម លោក មូន និងលោក គីម ក៏បានសន្យាផងដែរថា នឹងជំរុញឱ្យមានកិច្ចចរចាត្រីភាគីដោយមានការចូលរួមពីសហរដ្ឋអាមេរិក ឬក៏កិច្ច ចរចាចតុភាគីដោយមានការចូលរួមពីចិន ដើម្បីស្វែងរកការបិទបញ្ចប់ជម្លោះ និងជំនួសបទឈប់បាញ់ ដោយសន្ធិសញ្ញាសន្តិភាពជាអចិន្ត្រៃយ៍ ឲ្យបាននៅក្នុងឆ្នាំ២០១៨នេះ៕