BREAKING NEWS: លោក មូន ជែអ៊ីន «ព្រមទៅធ្វើទស្សនកិច្ចនៅកូរ៉េខាងជើង» ហើយកូរ៉េទាំងពីរនឹងរៀបចំជំនួប រវាងក្រុមគ្រួសារដែលបែកបាក់ឡើងវិញ! (Video inside)
27-04-2018 16:30
d(សេអ៊ូល)៖ ក្រោយជួបពិភាក្សាគ្នានៅព្រឹកមិញនេះ នៅទីបំផុតកូរ៉េខាងត្បូង និងកូរ៉េខាងជើង បានព្រមព្រៀងគ្នាថា នឹងរៀបចំជំនួបគ្រួសារកូរ៉េទាំងពីរ ដែលព្រាត់ប្រាសគ្នាដោយសារសង្រ្គាមកូរ៉េ (១៩៥០-១៩៥៣) នាឱកាសនៃថ្ងៃប្រារព្ធទិវារំដោះនៅខែសីហា ខាងមុខនេះ ខណៈលោក មូន ជែអ៊ីន ក៏ព្រមទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងផងដែរ ប៉ុន្តែមិនទាន់មានការកំណត់ពេលជាក់លាក់នោះទេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅល្ងាចថ្ងៃសុក្រ ទី២៧ ខែមេសា ឆ្នាំ២០១៨។
ការព្រមព្រៀងនេះ គឺជាផ្នែកមួយនៃសេចក្ដីថ្លែងការណ៍រួមគ្នា បន្ទាប់ពីមេដឹកនាំកូរ៉េទាំងពីរ បានជួបពិភាក្សាគ្នាជាប្រវត្តិសាស្ត្រនៅឯភូមិ Panmunjom នៅព្រឹកថ្ងៃសុក្រនេះ។ «កូរ៉េខាងត្បូង និងកូរ៉េខាងជើងបានព្រមព្រៀងគ្នាថា នឹងចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែង ក្នុងការដោះស្រាយបញ្ហាមនុស្សធម៌ ជាពិសេសគឺគ្រូសារកូរ៉េទាំងពីរ ដែលបានព្រាត់ប្រាស់គ្នានៅអំឡុងសម័យសង្រ្គាមកូរ៉េ»។ នេះបើតាមការដកស្រង់ផ្នែកសំខាន់ៗ ក្នុងសេចក្ដីថ្លែងការណ៍រួមរវាងលោក មូន និងលោក គីម។
សេចក្ដីថ្លែងការណ៍ដដែលបានបញ្ជាក់ទៀតថា ភាគីទាំងពីរក៏បានឯកភាពគ្នាផងដែរ ថានឹងដំណើរការការរៀបចំពិធីជួបគ្រួសារ កូរ៉េនៅថ្ងៃទី១៥ ខែសីហា ខាងមុខនេះ នាឱកាសថ្ងៃរំដោះកូរ៉េពីនឹមត្រួតត្រារបស់ជប៉ុន (ពីឆ្នាំ១៩១០-១៩៤៥)៕