(សេអ៊ូល)៖ កូរ៉េខាងត្បូង និងកូរ៉េខាងជើង នៅថ្ងៃសុក្រនេះបានប្រកាសថា ពួកគេនឹងធ្វើការងាររួមគ្នាដើម្បីសម្រេចឱ្យបាននូវការ លុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុងនៅលើឧបទ្វីបកូរ៉េ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅមុននេះបន្តិចនារសៀលថ្ងៃសុក្រ ទី២៧ ខែមេសា ឆ្នាំ២០១៨។
មិនតែប៉ុណ្ណោះ លោក មូន ជែអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូង ក៏បានយល់ព្រមបំពេញដំណើរទស្សកិច្ច ទៅកាន់ទីក្រុងព្យុងយ៉ាងផងដែរ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអន្តរកូរ៉េលើទី ២ ជាមួយលោក គីម ជុងអ៊ុន ម្ដងទៀត។ ការព្រមព្រៀងនេះ គឺជាផ្នែកមួយនៃសេចក្ដីថ្លែងការណ៍រួមគ្នា បន្ទាប់ពីមេដឹកនាំកូរ៉េទាំងពីរ បានជួបពិភាក្សាគ្នាជាប្រវត្តិសាស្ត្រនៅឯភូមិ Panmunjom នៅព្រឹកថ្ងៃសុក្រនេះ៕