(សេអ៊ូល)៖ សហរដ្ឋអាមេរិក ចិន ជប៉ុន និងរុស្ស៊ី បានបង្ហាញពីក្ដីសង្ឃឹមរបស់ពួកគេដូចៗគ្នា លើភាពជោគជ័យនៃកិច្ចកំពូលអន្តរកូរ៉េរវាង ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន និងមេដឹកនាំកូរ៉េខាងជើង ដែលកំពុងប្រព្រឹត្តទៅនៅឯភូមិ Panmunjom ពុះចែកកូរ៉េជាពីរក្រោយសង្រ្គាមកូរ៉េ (១៩៥០-១៩៥៣)។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Arirang News នៅរសៀលថ្ងៃសុក្រ ទី២៧ ខែមេសា ឆ្នាំ២០១៨។
ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន អ្នកនាំពាក្យសេតវិមាន លោកស្រី Sarah Sanders បានសាទរដល់កិច្ចប្រជុំកំពូលអន្តរកូរ៉េ ដែលនឹងនាំកូរ៉េទាំងពីរឆ្ពោះទៅរកសន្តិភាព និងភាពរុងរឿង។ លោកស្រី Sanders ក៏បានអះអាងដែរថា សហរដ្ឋអាមេរិកនឹងនៅតែបន្តធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយកូរ៉េខាងត្បូង ជាពិសេសពាក់ព័ន្ធនឹងការរៀបចំជំនួបរវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន។ ប៉ុន្តែគេនៅត្រូវចាំអ៊ុតមើលលទ្ធផល នៃជំនួបរវាងលោក គីម និងលោក មូន ជាមុនសិន។
ដោយឡែក ទាក់ទិននឹងជំនួបជាប្រវតិ្តសាស្ត្រនេះដែរ ចិន ជប៉ុន និងរុស្ស៊ី សុទ្ធតែបង្ហាញពីក្ដីសង្ឃឹមរៀងៗខ្លួនថា កូរ៉េទាំងពីរអាចស្វែងរកសន្តិភាព និងបញ្ចប់ការប្រឈមមុខដាក់គ្នាអស់រាប់ទសវត្សរ៍មកនេះ ក៏ដូចជាការផ្សះផ្សាគ្នារវាងបងប្អូនកូរ៉េទាំងពីរ សំដៅបង្កើតសន្តិភាពជាអចិន្រ្តៃយ៍នៅលើឧបទ្វីបកូរ៉េ៕