(សេអ៊ូល)៖ សម្រាប់កិច្ចប្រជុំកំពូលអន្តរកូរ៉េកាលពីព្រឹកថ្ងៃសុក្រនេះ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្តេជ្ញារួមគ្នាថា នឹងបង្កើតកិច្ចខិតខំប្រឹងប្រែងផ្សេងៗ ដែលប្រកបដោយភាពស្មោះ ដើម្បីជំរុញឲ្យស្ថានការណ៍ កាន់តែប្រសើរឡើង នៅអំឡុងកិច្ចពិភាក្សាទ្វេភាគីរបស់លោកទាំងពីរ នៅឯភូមិ Panmunjon ក្នុងអគារប៉ែកខាងកូរ៉េខាងត្បូង ជាទីដែលលោក មូន បានលើកឡើងថា ឥឡូវនេះគឺជានិមិត្តរូបនៃសន្តិភាព ជំនួសឲ្យការបែងចែកទឹកដី។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅរសៀលថ្ងៃសុក្រ ទី២៧ ខែមេសា ឆ្នាំ២០១៨។
កិច្ចប្រជុំជាប្រវត្តិសាស្រ្តខាងលើនេះ បានចាប់ផ្តើមបន្ទាប់ពីមេដឹកនាំទាំងពីរ បានជួបមុខគ្នាជាលើកដំបូងបង្អស់ នៅឯបន្ទាត់ព្រំដែនក្នុងភូមិ Panmunjom។ ថ្លែងទៅកាន់លោក មូន ដែលនៅឈររង់ចាំទទួលស្វាគមន៍ដោយផ្ទាល់ មុនពេលចាប់ដៃរាក់ទាក់គ្នានោះ លោក គីម ជុងអ៊ុន បាននិយាយថា «ខ្ញុំពិតជារីករាយណាស់ ដែលបានមកជួបអ្នក។ ខ្ញុំមិនអាចបញ្ឈប់ក្តីរីករាយរបស់ខ្ញុំបានឡើយ ខណៈដែលពួកយើងបានមកជួបគ្នានៅកន្លែងប្រវត្តិសាស្រ្តបែបនេះ។ ម៉្យាងវិញទៀត ខ្ញុំពិតជារំភើបមែនទែន ដែលលោកប្រធានាធិបតី បានធ្វើដំណើរមកកាន់ភូមិ Panmunjom ជាតំបន់ខណ្ឌចែកព្រំដែន ដើម្បីរង់ចាំទទួលស្វាគមន៍រូបខ្ញុំ»។
អ្វីដែលធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល នៅអំឡុងពេលជួបមុខគ្នានោះ គឺបន្ទាប់ពីបានឈានជើងចូលមកក្នុងទឹកដីកូរ៉េខាងត្បូង លោក គីម ជុងអ៊ុន ក៏បានឆ្លៀតដឹកដៃអញ្ជើញលោក មូន ឲ្យឆ្លងចូលបន្ទាត់ព្រំដែនទៅកាន់ទឹកដីខាងកូរ៉េខាងជើងមួយភ្លែតវិញផងដែរ មុននឹងឈានជើងចូលមកក្នុងដីកូរ៉េខាងត្បូងជាថ្មីវិញ ជាទីដែលកិច្ចប្រជុំកំពូលរវាងលោកទាំងពីរ នឹងត្រូវប្រព្រឹត្តទៅ។ បើតាមមន្រ្តីពីវិមានប្រធានាធិបតីកូរ៉េខាងត្បូង ការអញ្ជើញរបស់លោក គីម គឺពុំត្រូវបានព្រៀងទុកជាមុនឡើយ សម្រាប់លោក មូន។
ប្រមាណជា ៤៥នាទីក្រោយពីលោក គីម ជុងអ៊ុន បានដើរឆ្លងព្រំដែនអន្តរកូរ៉េ ហើយក្លាយជាមេដឹកនាំកូរ៉េខាងជើងដំបូងគេបំផុត ដែលបានធ្វើយ៉ាងដូច្នោះ គិតចាប់តាំងពីការបញ្ចប់សង្រ្គាមកូរ៉េឆ្នាំ១៩៥០ ដល់ឆ្នាំ១៩៥៣នោះ កិច្ចប្រជុំពិភាក្សាជាផ្លូវរវាងមេដឹកនាំទាំងពីរ ក៏បានចាប់ផ្តើមនៅម៉ោង ១០៖១៥នាទីព្រឹក (ពេលវេលានៅកូរ៉េខាងត្បូង)។
នៅមុនពេលចាប់ផ្តើមកិច្ចប្រជុំ លោក គីម បានថ្លែងបញ្ជាក់ថា «នៅចំពោះមុខប្រធានាធិបតី មូន និងក្រុមអ្នកសារព័ត៌មានជាច្រើនរូប ដែលមានវត្តមាននៅទីនេះ ខ្ញុំសូមបញ្ជាក់ថា ខ្ញុំនឹងបើកកិច្ចពិភាក្សាដ៏ល្អមួយជាមួយលោក មូន ជាមួយឥរិយាបថត្រង់ៗ ពិតប្រាកដ និងស្មោះត្រង់ ហើយសម្រេចឲ្យបានសមិទ្ធផលដ៏ប្រសើរមួយចេញពីជំនួបនេះ»។
ទន្ទឹមនឹងនោះ លោក មូន បានសម្តែងការអរគុណរបស់លោក ចំពោះលោក គីម ដែលបានយល់ព្រមបើកកិច្ចប្រជុំកំពូលនេះ។ លោក មូន បាននិយាយថា នៅខណៈពេលដែលលោក គីម បានឈានជើងឆ្លងព្រំដែនអន្តរកូរ៉េ ភូមិ Panmunjom បានក្លាយជានិមិត្តរូបនៃសន្តិភាព គឺមិនមែនជានិមិត្តរូបតំណាងឲ្យការបែកចែងគ្នាទៀតឡើយ។
កិច្ចប្រជុំកំពូលនាថ្ងៃសុក្រនេះ គឺជាកិច្ចប្រជុំអន្តរកូរ៉េលើកទីបីហើយ និងជាលើកទីមួយ ដែលបានប្រារព្ធឡើងនៅកូរ៉េខាងត្បូង។ បន្ថែមពីនេះលោក គីម ជុងអ៊ុន បានធ្វើការសង្កត់ធ្ងន់ពីភាពចាំបាច់ នៃកិច្ចព្រមព្រៀងមួយ ដែលនឹងមិនដួលរលំដូចលើកមុនៗ។ លោក គីម បានថ្លែងប្រាប់លោក មូន ថា «ខ្ញុំចង់ឲ្យកិច្ចប្រជុំនេះ ក្លាយជាឱកាសសម្រាប់ឲ្យពួកយើង ដើរកាន់ដៃគ្នា ហើយសំឡឹងទៅពេលអនាគត ជាមួយការប្តេជ្ញាយ៉ាងមុតមាំ ជាជាងលទ្ធផលនៃកិច្ចប្រជុំកាលពីអតីតកាល ដែលមិនអាចត្រូវអនុវត្តន៍បាន»។
គួររំលឹកថា ប្រទេសកូរ៉េទាំងពីរ ធ្លាប់បានព្រមព្រៀងគ្នាលើការរំសាយអាវុធនុយក្លេអ៊ែរ ហើយបង្កើតសន្តិភាពជាអចិន្រ្តៃយ៍នៅលើឧបទ្វីបកូរ៉េ កាលពីអំឡុងកិច្ចប្រជុំកំពូលអន្តរកូរ៉េ នៃប្រទេសកូរ៉េទាំងពីរលើកមុន ដែលបានប្រព្រឹត្តទៅនៅឯទីក្រុងព្យុងយ៉ាង កាលពីឆ្នាំ២០០០ និងឆ្នាំ២០០៧។ ជាក់ស្តែង ការព្រមព្រៀងនានា ដែលចេញមកពីកិច្ចប្រជុំកំពូលអន្តរកូរ៉េ កាលពីពេលនោះ សុទ្ធតែហាក់ដូចជាបានទទួលបរាជ័យទាំងអស់។
លោក មូន បានគូសបញ្ជាក់ថា មនុស្សនៅទូទាំងពិភពលោក កំពុងសំឡឹងមកកាន់កន្លែងនេះ ហើយក្តីរំពឹងរបស់ប្រជាជនទាំងខាងត្បូង និងខាងជើង ក៏ដូចជាប្រជាជនកូរ៉េនៅក្រៅប្រទេស ក៏មានកម្រិតខ្ពស់ខ្លាំងណាស់។ លោកប្រធានាធិបតីកូរ៉េខាងត្បូង បានបន្ថែមថា «ខ្ញុំចង់ឲ្យកិច្ចពិភាក្សារបស់យើង នឹងប្រព្រឹត្តទៅដោយត្រង់ៗ ដើម្បីអាចឲ្យយើងអាចឈានដល់កិច្ចព្រមព្រៀងមួយ ហើយបង្កើតអំណោយដ៏ពិសេសមួយ សម្រាប់ប្រជាជនយើង និងអ្នកឯទៀតៗនៅលើពិភពលោក ដែលតែងប៉ងប្រាថ្នាចង់បានសន្តិភាព»។
កិច្ចប្រជុំពិភាក្សាផ្លូវការដែលស្ថិតក្នុងលក្ខណៈបិទទ្វាររវាងមេដឹកនាំទាំងពីរ ក៏បានបញ្ចប់ទៅនៅវេលាថ្ងៃត្រង់នេះ ហើយលោក គីម បានវិលត្រឡប់ទៅកាន់ប្រទេសរបស់លោកបន្តិចសិន ដើម្បីសម្រាកទទួលទានអាហារពេលថ្ងៃត្រង់។ លោក គីម ជុងអ៊ុន នឹងឆ្លងព្រំដែនចូលមកកាន់កូរ៉េខាងត្បូងម្តងទៀត នៅរសៀលថ្ងៃដដែលនេះ ដើម្បីចូលរួមព្រឹត្តិការណ៍មួយចំនួនទៀត រួមមានទាំងការដាំដើមស្រល់ និងការដើរលក្ខណៈមិត្តភាពជាមួយប្រធានាធិបតី លោក មូន ជែអ៊ីន ជាដើម។
បន្ថែមពីខាងលើនេះទៀត នៅពេលល្ងាចថ្ងៃសុក្រនេះ លោក មូន នឹងរៀបចំពីធីជប់លៀងដើម្បីស្រស់ស្រូបអាហាររួមគ្នា សម្រាប់លោក គីម និងអាចមានវត្តមានភរិយាលោក គឺលោកស្រី រី សូលជូ (Ri Sol-ju) ផងដែរ មុនពេលដែលរូបលោក និងក្រុមប្រតិភូ ធ្វើដំណើរត្រឡប់ទៅកូរ៉េខាងជើងវិញ នៅយប់ថ្ងៃដដែលនោះតែម្តង៕