ក្តៅគគុក! សហរដ្ឋអាមេរិក «ប្រកាសពីការធ្វើសមយុទ្ធយន្តហោះទម្លាក់គ្រាប់បែក B-52 នៅក្បែរសមុទ្រចិនខាងត្បូង» ខណៈស្ថានការណ៍ចិន-តៃវ៉ាន់កំពុងឡើងកម្តៅ...
27-04-2018 11:57
(តូក្យូ)៖ កងកម្លាំងទ័ពអាកាសអាមេរិក បានឱ្យដឹងនៅថ្ងៃសុក្រនេះថា យន្ដហោះទម្លាក់គ្រាប់អាមេរិក B-52 បានដឹកនាំសមយុទ្ធយោធាបណ្ដុះបណ្ដាលមួយ នៅក្បែរបរិវេណតំបន់សមុទ្រចិនខាងត្បូង និងកោះអូគីណានៃភាគខាងត្បូងប្រទេសជប៉ុន។ ព្រមពេលជាមួយគ្នាសារព័ត៌មានតៃវ៉ាន់ ចុះផ្សាយថា សមយុទ្ធនេះគឺជាសារព្រមានមួយផ្ញើជូនទីក្រុងប៉េកាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី២៧ ខែមេសា ឆ្នាំ២០១៨។
បើតាមកងកម្លាំងទ័ពអាកាសអាមេរិក យន្ដហោះទម្លាក់គ្រាប់ B-52 បានហោះចេញពីមូលដ្ឋានទ័ពអាកាស អាន់ដឺសិន (Andersen) នៃកោះហ្គាំ ហើយធ្វើដំណើរឆ្ពោះទៅកាន់តំបន់ក្បែរសមុទ្រខាងត្បូង កាលពីថ្ងៃអង្គារ ព្រមទាំងដឹកនាំការធ្វើសមយុទ្ធបណ្ដុះបណ្ដាល និងបន្តហោះ ទៅកាន់កោះអូគីណាវ៉ា ដើម្បីដឹកនាំការបណ្ដុះបណ្ដាលជាមួយយន្ដហោះចម្បាំង F-15C មុននឹងត្រឡប់ទៅកោះហ្គាំវិញ។
ប៉ុន្តែកងទ័ពអាកាសអាមេរិកអះអាងថា វាគ្រាន់តែជាសមយុទ្ធយោធាធម្មតាដូចទម្លាប់ រាល់ដងតែប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងកោះតៃវ៉ាន់បានចុះផ្សាយថា សមុទ្ធយោធានេះគឺជាសារព្រមានរបស់សហរដ្ឋអាមេរិក ផ្ញើជូនចិន បន្ទាប់ពីទីក្រុងប៉េកាំង បាននិងកំពុងបង្កើនការធ្វើសកម្មភាពយោធា នៅក្បែរកោះតៃវ៉ាន់។
ជុំវិញបញ្ហានេះដែរ សារព័ត៌មានរដ្ឋចិន Global Times បានបញ្ជាក់នៅក្នុងអត្ថបទរបស់ខ្លួននៅថ្ងៃសុក្រនេះថា បើសិនជាសមយុទ្ធរបស់យន្ដហោះទម្លាក់គ្រាប់អាមេរិក គឺ ជាសារមួយផ្ញើជូនទីក្រុងប៉េកាំងដូចតៃវ៉ាន់ថា នោះវាគ្មានន័យអ្វីឡើយ។ «សហរដ្ឋអាមេរិក មិនអាចទប់ស្កាត់ការដាក់សម្ពាធយោធារបស់ចិន លើតៃវ៉ាន់បាននោះទេ... យន្ដហោះចម្បាំងចិននឹងហោះកាន់តែជិត និងពី លើកោះតៃវ៉ាន់តែម្តង ហើយម្យ៉ាងវិញទៀត បើសិនជាទីក្រុងតៃប៉ិ នៅតែបន្តធ្វើសកម្មភាចង់បានឯករាជ្យ ឬកាត់ផ្ដាច់រាល់ទំនាក់ទំនងពីចិនដីគោក នោះទីក្រុងប៉េកាំងនឹងចាត់ទុកតៃវ៉ាន់ជាតំបន់សត្រូវ ក៏ដូចជានឹងប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ ក្នុងការដោះស្រាយ»។ នេះ គឺជាព្រមានរបស់ Global Times៕