(សេអ៊ូល)៖ កិច្ចប្រជុំរវាងកូរ៉េទាំងពីរជុំទី ១ នៅព្រឹកថ្ងៃសុក្រនេះ ត្រូវបានបញ្ចប់ទៅក៏ពិតមែនប៉ុន្តែអត្ថន័យលម្អិត នៃកិច្ចសន្ទនាជាប្រវត្តិសាស្ត្រដំបូង រវាងលោក មូន ជែអ៊ីន និងលោក គីម ជុងអ៊ុន ទើបតែត្រូវបានទម្លាយចេញតែប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន យ៉ុនហាប់ នាព្រឹកថ្ងៃសុក្រ ទី២៧ ខែមេសា ឆ្នាំ២០១៨។
នៅក្នុងការរៀបរាប់យ៉ាងច្រើនរវាងមេដឹកនាំទាំងពីរ មានពាក្យសម្តីមួយឃ្លាដ៏គួរឲ្យចាប់អារម្មណ៍បំផុត ដែលចេញពីមាត់លោក គីម ជុងអ៊ុន ទៅកាន់លោក មូន ជែអ៊ីន នោះគឺលោកបានអះអាងថា «ខ្ញុំនឹងមិនរំខានដំណេករបស់អ្នក នាពេលព្រឹកព្រហាមទៀតនោះឡើយ»។ ការថ្លែងបែបនេះ គឺលោក គីម ចង់សំដៅទៅលើបញ្ហាកាលពីឆ្នាំមុនៗ ដែលកូរ៉េខាងជើងតែងតែយកពេលព្រលឹមស្រាងៗ ដែលមនុស្សភាគច្រើនមិនទាន់ងើបពីដំណេក ដើម្បីធ្វើតេស្តបាញ់មីស៊ីលផ្លោង ដែលបានបង្កជាស្ថានការណ៍តានតឹង ទាំងក្នុងតំបន់ និងអន្តរជាតិ បូករួមទាំងការកោះប្រជុំបន្ទាន់ នៅឯអង្គការសហប្រជាជាតិជាដើមនោះ។
សម្រាប់កិច្ចប្រជុំបិទទ្វារនាព្រឹកថ្ងៃសុក្រនេះ រវាងមេដឹកនាំនៃប្រទេសកូរ៉េទាំងពីរ បានបញ្ចប់ទៅវិញហើយ ដោយលោកលោក មូន ជែអ៊ីន និងលោក គីម ជុងអ៊ុន បានចាកចេញទៅស្រស់ស្រូបអាហារពេលថ្ងៃត្រង់រៀងៗខ្លួន មុនត្រឡប់មកជួបគ្នា នៅព្រំដែនសាជាថ្មីម្តងទៀតនារសៀលនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន The Guardian នៅព្រឹកថ្ងៃសុក្រ ទី២៧ ខែមេសា ឆ្នាំ២០១៨។
ក្រោយពីបានជួបពិភាក្សាជាមួយលោក មូន ជែអ៊ីន នៅឯអគារសន្តិភាព (Peace House) ដែលស្ថិតនៅប៉ែកខាងទឹកដីកូរ៉េខាងត្បូង ក្នុងភូមិ Panmunjom ដែលខណ្ឌចែកព្រំដែនកូរ៉េទាំងពីរអស់រយៈពេលប៉ុន្មានម៉ោងនាព្រឹកនេះមក ប្រមុខដឹកនាំកំពូលកូរ៉េខាងជើង បានវិលត្រឡប់ទៅកាន់ទឹកដីនៃប្រទេសរបស់លោកវិញ ខណៈដែលភាគីទាំងពីរបានឆ្លៀតសម្រាកមួយភ្លែតសិន ដើម្បីស្រស់ស្រូបអាហារថ្ងៃត្រង់។
លោក គីម ត្រូវបានគេមើលឃើញថា បានឡើងជិះរថយន្តម៉ាក Mercedes-Benz ពណ៌ខ្មៅមួយគ្រឿង ដែលនៅការពារជុំវិញដោយកងអង្គរក្ស ហើយក្រោយមករថយន្តនោះ បានបើកបរឆ្លងកាត់បន្ទាត់ព្រំដែនកូរ៉េទាំងពីរ ដោយក្រុមអង្គរក្សរត់អមសងខាង។
គួរជម្រាបថា ក្រោយពីពិសាអាហារពេលថ្ងៃត្រង់រួច លោក មូន ជែអ៊ីន និង លោក គីម ជុងអ៊ុន ត្រូវគេរំពឹងថា នឹងមកជួបគ្នាម្តងទៀត ដើម្បីដាំដើមឈើនៅតំបន់អតីតសមរភូមិ ដែលបានបញ្ចប់ឆ្នាំ១៩៥៣ ជាឆ្នាំដែលបទឈប់បាញ់នៃសង្រ្គាមកូរ៉េ ត្រូវបានចុះហត្ថលេខា។ បន្ថែមពីនេះ លោកទាំងពីរនឹងជួបសម្តែងការគួរសមនឹងគ្នាជុំទីពីរ ព្រមទាំងទស្សនាការសម្តែងសិល្បៈកម្សាន្ត រួចទើបបញ្ចប់កិច្ចប្រជុំជាប្រវត្តិសាស្ត្រនេះ នៅយប់ថ្ងៃសុក្រដដែលនេះតែម្តង៕