(សេអ៊ូល)៖ ទីបំផុតកិច្ចប្រជុំបិទទ្វារនាព្រឹកថ្ងៃសុក្រនេះ រវាងមេដឹកនាំនៃប្រទេសកូរ៉េទាំងពីរ បានបញ្ចប់ទៅវិញហើយ ដោយលោកលោក មូន ជែអ៊ីន និងលោក គីម ជុងអ៊ុន បានចាកចេញទៅស្រស់ស្រូបអាហារពេលថ្ងៃត្រង់រៀងៗខ្លួន មុនត្រឡប់មកជួបគ្នា នៅព្រំដែនសាជាថ្មីម្តងទៀតនារសៀលនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន The Guardian នៅព្រឹកថ្ងៃសុក្រ ទី២៧ ខែមេសា ឆ្នាំ២០១៨។
ក្រោយពីបានជួបពិភាក្សាជាមួយលោក មូន ជែអ៊ីន នៅឯអគារសន្តិភាព (Peace House) ដែលស្ថិតនៅប៉ែកខាងទឹកដីកូរ៉េខាងត្បូង ក្នុងភូមិ Panmunjom ដែលខណ្ឌចែកព្រំដែនកូរ៉េទាំងពីរអស់រយៈពេលប៉ុន្មានម៉ោងនាព្រឹកនេះមក ប្រមុខដឹកនាំកំពូលកូរ៉េខាងជើង បានវិលត្រឡប់ទៅកាន់ទឹកដីនៃប្រទេសរបស់លោកវិញ ខណៈដែលភាគីទាំងពីរបានឆ្លៀតសម្រាកមួយភ្លែតសិន ដើម្បីស្រស់ស្រូបអាហារថ្ងៃត្រង់។
លោក គីម ត្រូវបានគេមើលឃើញថា បានឡើងជិះរថយន្តម៉ាក Mercedes-Benz ពណ៌ខ្មៅមួយគ្រឿង ដែលនៅការពារជុំវិញដោយកងអង្គរក្ស ហើយក្រោយមករថយន្តនោះ បានបើកបរឆ្លងកាត់បន្ទាត់ព្រំដែនកូរ៉េទាំងពីរ ដោយក្រុមអង្គរក្សរត់អមសងខាង។
គួរជម្រាបថា ក្រោយពីពិសាអាហារពេលថ្ងៃត្រង់រួច លោក មូន ជែអ៊ីន និង លោក គីម ជុងអ៊ុន ត្រូវគេរំពឹងថា នឹងមកជួបគ្នាម្តងទៀត ដើម្បីដាំដើមឈើនៅតំបន់អតីតសមរភូមិ ដែលបានបញ្ចប់ឆ្នាំ១៩៥៣ ជាឆ្នាំដែលបទឈប់បាញ់នៃសង្រ្គាមកូរ៉េ ត្រូវបានចុះហត្ថលេខា។ បន្ថែមពីនេះ លោកទាំងពីរនឹងជួបសម្តែងការគួរសមនឹងគ្នាជុំទីពីរ ព្រមទាំងទស្សនាការសម្តែងសិល្បៈកម្សាន្ត រួចទើបបញ្ចប់កិច្ចប្រជុំជាប្រវត្តិសាស្ត្រនេះ នៅយប់ថ្ងៃសុក្រដដែលនេះតែម្តង៕