(សេអ៊ូល)៖ កិច្ចប្រជុំកំពូលអន្តរកូរ៉េជាប្រវត្តិសាស្ត្រ រវាងប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចាប់ផ្ដើមជាផ្លូវការហើយនៅព្រឹកថ្ងៃសុក្រនេះ នៅឯវិមានសន្តិភាពស្ថិតក្នុងភូមិ Panmunjom ប៉ែកទឹកដី កូរ៉េខាងត្បូងនៃព្រំដែនគ្មានយោធារវាងប្រទេសពីរ។ នេះបើតាមការចេញផ្សាយដោយ យ៉ុនហាប់ នាព្រឹកថ្ងៃសុក្រ ទី២៧ ខែមេសា ឆ្នាំ២០១៨។
កិច្ចប្រជុំកំពូលនេះបានចាប់ផ្ដើមនៅម៉ោង ០៩៖៣០ព្រឹកមិញនេះ (ម៉ោងនៅក្នុងតំបន់) តាមរយៈការចាប់ដៃគ្នាទាំងទឹកមុខញញឹមរវាង លោកមូន ជែអ៊ីន និងលោក គីម ជុងអ៊ុន ដែលបានដើរឆ្លងព្រំដែនរវាងកូរ៉េទាំងពីរទៅវិញទៅមក ក្រោមការឃ្លាំមើលយ៉ាង យកចិត្តទុកដាក់ពីសំណាក់សាធារណជន ជាពិសេសគឺសហរដ្ឋអាមេរិក និងជប៉ុន។
គួរបញ្ជាក់ថា បងប្អូនកូរ៉េទាំងពីរបានជួបគ្នាក្រោមទង់ជាតិតែមួយ (មិនមែនទង់ជាតិរបស់កូរ៉េខាងជើង ឬរបស់កូរ៉េខាងត្បូងនោះឡើយ) ដែលនេះជាការបង្ហាញអំពីការគោរពគ្នាទៅវិញទៅមក និងការពិភាក្សាក្នុងនាមសាច់ឈាមដូចគ្នា មិនមែនតំណាងឲ្យប្រទេសណាមួយនោះឡើយ។
ខាងក្រោមនេះគឺកម្រងរូបភាពសំខាន់ៗ បង្ហាញពីភាពល្អូកល្អឺនរវាងលោក មូន និងលោក គីម នៅភូមិ Panmunjom ទឹកដីព្រំដែនខាងកូរ៉េខាងត្បូង៖