លោក ដូណាល់ ត្រាំ បញ្ជាក់ជាថ្មីអំពីកាលបរិច្ឆេទ ដែលត្រូវជួបលោក គីម ជុងអ៊ុន ក្រោយពេលជំនួប មូន-គីម បញ្ចប់ (Photo inside)
27-04-2018 09:23
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកមានកាលបរិច្ឆេទបី ឬក៏បួនឯណោះ សម្រាប់រៀបចំជំនួបកំពូល ជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃសុក្រ ទី២៧ ខែមេសា ឆ្នាំ២០១៨។
ការលើកឡើងបែបនេះរបស់ លោក ដូណាល់ ត្រាំ ធ្វើឡើងនៅក្នុងកម្មវិធី Fox and Friends របស់ស្ថានីយទូរទស្សន៍ Fox News នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅសហរដ្ឋអាមេរិក)។ លើសពីនេះទៅទៀត នៅក្នុងកម្មវិធីនោះ លោក ត្រាំ ក៏បានបញ្ជាក់ផងដែរពីទីតាំងចំនួន ០៥ សម្រាបប់កិច្ចប្រជុំកំពូលជាមួយលោក គីម ប៉ុន្តែលោកមិនបានបញ្ជាក់អ្វីលម្អិតនោះទេ។ «យើងមានការសម្រេចចិត្តមួយដែលនឹងត្រូវធ្វើឡើង។ យើងមានកាលបរិច្ឆេទបីឬបួន រួមទាំងទីតាំងចំនួន ០៥ ផងដែរដែលនឹងត្រូវបានជ្រើសរើស»។ នេះជាការលើកឡើងរបស់លោក ដូណាល់ ត្រាំ។
គួររំលឹកថា លោក ដូណាល់ ត្រំា ធ្លាប់បានឱ្យដឹងថា លោកនឹងជួបជាមួយលោក គីម ជុងអ៊ុន នៅចុងខែឧសភា ឬនៅដើមខែមិថុនាខាងមុខនេះ ដើម្បីពិភាក្សាស្ដីពីការលុបបំបាត់អាវុធនុយក្លេអ៊ែរកូរ៉េខាងជើង។ ប៉ុន្តែទន្ទឹមគ្នា ប្រធានាធិបតីអាមេរិករូបនេះធ្លាប់បានអះអាងថា បើលោកយល់ថាជំនួបជាមួយលោក គីម គ្មានប្រយោជន៍ទេ លោកនឹងមិនទៅចូលរួមឡើយ ហើយថាលោកនឹងដើរចេញពីកិច្ច ប្រជុំភ្លាមៗ បើជំនួបនោះមិនមានលទ្ធផលអ្វីទេនោះ៕