(វ៉ាស៊ីនតោន)៖ សេតវិមាន នៅថ្ងៃសុក្រនេះ បានសម្ដែងការសាទរ ក៏ដូចជាសង្ឃឹមផងដែរថាកិច្ចប្រជុំកំពូលអន្តរកូរ៉េ នឹងនាំកូរ៉េទាំងពីរ ឆ្ពោះទៅរកសនិ្តភាព និងការអភិវឌ្ឍ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃសុក្រ ទី២៧ ខែមេសា ឆ្នាំ២០១៨។
កិច្ចប្រជុំកំពូលអន្តរកូរ៉េ រវាងប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចាប់ ផ្ដើមជាផ្លូវការហើយនៅព្រឹកថ្ងៃសុក្រនេះ ជាមួយការរំពឹងថា ប្រទេសទាំងពីរអាចស្វែងរកសន្ធិសញ្ញាសន្តិភាព ជាអចិន្ត្រៃយ៍នៅលើឧបទ្វីបកូរ៉េ។ ជំនួបកំពូលនេះ ធ្វើឡើងនៅឯតំបន់ព្រំដែនគ្មានយោធាក្នុងភូមិ Panmunjom ប៉ែកទឹកដីកូរ៉េខាងត្បូង ហើយតាមរយៈ ជំនួបជាប្រវត្តិសាស្ត្រនេះដែរ លោក គីម ជុងអ៊ុន បានក្លាយជាមេដឹកនាំកូរ៉េខាងជើងដំបូងគេបំផុត ដែលយកជើងជាន់ទឹកដី កូរ៉េខាងត្បូង។
យ៉ាងណាក៏ដោយ ក្រុមអ្នកជំនាញខ្លះសង្ឃឹមតិចតួចណាស់ថាកូរ៉េខាងជើង ព្រមបោះបង់ចោលអាវុធនុយក្លេអ៊ែរ ខណៈកិច្ចប្រជុំកំពូល អន្តរកូរ៉េ ក៏ធ្លាប់បានធ្វើឡើងដែរកាលពីឆ្នាំ២០០០ និងឆ្នាំ២០០៧។ តែជំនួបទាំងពីរនេះ មិនមានលទ្ធផលអ្វីជាដុំកំភួនឡើយ រីឯកូរ៉េខាងជើង ចេះតែបន្តបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ និងមីស៊ីលឆ្លងទ្វីបជាបន្តបន្ទាប់ រហូតដល់ចុងឆ្នាំ២០១៧។
មួយវិញទៀត សហរដ្ឋអាមេរិក ធ្លាប់បានព្រមានទុកជាមុនថា មិនមានឡើយការបន្ធូរបន្ថយការដាក់ទណ្ឌកម្ម ដរាបណាទីក្រុងព្យុង យ៉ាងរំសាយអាវុធនុយក្លេអ៊ែររបស់ខ្លួនទាំងស្រុងជាមុនសិន។ មិនតែប៉ុណ្ណោះលោកត្រាំ ថែមទាំងបានតែងតាំងទីប្រឹក្សាសន្តិសុខជាតិ អាមេរិក និងរដ្ឋមន្ត្រីការបរទេសថ្មី ដែលគេមើលឃើញថាសុទ្ធតែមានគោលនយោបាយតឹងរ៉ឹងចំពោះកូរ៉េខាងជើង៕