(សេអ៊ូល)៖ នៅទីបំផុតកិច្ចប្រជុំកំពូលអន្តរកូរ៉េ រវាងប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចាប់ផ្ដើមជាផ្លូវការហើយនៅព្រឹកថ្ងៃសុក្រនេះ ជាមួយការរំពឹងថា ប្រទេសទាំងពីរអាចស្វែងរកសន្ធិសញ្ញាសន្តិភាព ជាអចិន្ត្រៃយ៍នៅលើឧបទ្វីបកូរ៉េ ខណៈលោក គីម ជុងអ៊ុន បានឈានជើងឆ្លងព្រំដែនចូលមកកូរ៉េខាងត្បូងហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃសុក្រ ទី២៧ ខែមេសា ឆ្នាំ២០១៨។
យោងតាមយ៉ុនហាប់ ជំនួបកំពូលនេះធ្វើឡើងនៅឯតំបន់ព្រំដែនគ្មានយោធាក្នុងភូមិ Panmunjom ប៉ែកទឹកដីកូរ៉េខាងត្បូង ហើយតាមរយៈជំនួបជាប្រវត្តិសាស្ត្រនេះដែរ លោក គីម ជុងអ៊ុន បានក្លាយជាមេដឹកនាំកូរ៉េខាងជើងដំបូងគេបំផុត ដែលយកជើងជាន់ទឹកដី កូរ៉េខាងត្បូង។ ជាមួយគ្នានោះដែរ បើតាមវិមានប្រធានាធិបតីកូរ៉េខាងត្បូង កិច្ចប្រជុំកំពូលអន្តរកូរ៉េបានចាប់ផ្ដើមនៅម៉ោង ៩៖៣០នាទី ព្រឹក (ម៉ោងនៅក្នុងតំបន់) ដោយលោក មូន និងលោកគីម បានដើរទន្ទឹមគ្នាទៅកាន់ទីលានមួយ នៅចន្លោះអគារសេរីភាព និងអគារ សន្តិភាពដើម្បីប្រកាសបើកកិច្ចប្រជុំជាផ្លូវការ។
មេដឹកនាំកូរ៉េទាំងពីរ នឹងជួបគ្នានៅក្នុងជំនួបទល់មុខនៅម៉ោង ១០៖៣០ នាទីព្រឹក រៀបចំឡើងនៅឯអគារសន្តិភាព ក្នុងភូមិ Panmunjom នៃតំបន់ព្រំដែនគ្មានយោធារវាងកូរ៉េទាំងពីរ ស្ថិតប៉ែកខាងទឹកដីកូរ៉េខាងត្បូង។
គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលអន្តរកូរ៉េ នៅថ្ងៃសុក្រនេះអាចនិយាយបានថា ជាកិច្ចប្រជុំលើកទី០៣ រវាងបងប្អូនកូរ៉េទាំងពីរ ដែលបានរៀបចំជំនួបបែបនេះ កាលពីឆ្នាំ២០០០ និងឆ្នាំ២០០៧។ ប៉ុន្តែជំនួបទាំងពីរនេះ មិនមានលទ្ធផលអ្វីជាដុំកំភួនឡើយ រីឯកូរ៉េខាងជើង ចេះតែបន្តបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ និងមីស៊ីលឆ្លងទ្វីបជាបន្តបន្ទាប់ រហូតដល់ចុងឆ្នាំ២០១៧។
គិតមកទល់បច្ចុប្បន្ន កូរ៉េខាងត្បូង និងកូរ៉េខាងជើង នៅតែបន្តស្ថិតនៅក្នុងស្ថានភាពប្រកាសសង្រ្គាមជានិច្ច ដ្បិតក្រោយ សង្រ្គាមកូរ៉េ (១៩៥០-១៩៥៣) បងប្អូនកូរ៉េបង្កើតទាំងពីរបានត្រឹមចុះហត្ថលេខាលើបទឈប់បាញ់ប៉ុណ្ណោះ។ ដូច្នេះជំនួបកំពូលអន្តរកូរ៉េត្រូវបាន គេមើលឃើញថា ជាឱកាសមួយ សម្រាប់ការស្វែងរកសន្តិភាពជាអចិន្ត្រៃយ៍នៅលើឧបទ្វីបកូរ៉េ បើជាទោះក្រុមអ្នកជំនាញមានជំនឿ តិចតួចថា ទីក្រុងព្យុងយ៉ាងនឹងយល់ព្រមរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុង៕