(សេអ៊ូល)៖ នៅថ្ងៃសុក្រស្អែកនេះ លោក គីម ជុងអ៊ុន នឹងក្លាយជាមេដឹកនាំកូរ៉េខាងជើងដំបូងគេបំផុត ដែលយកជើងជាន់ទឹកដី កូរ៉េខាងត្បូងចាប់តាំងពីសង្រ្គាមកូរ៉េ បានបញ្ចប់នៅឆ្នាំ១៩៥៣ មក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៦ ខែមេសា ឆ្នាំ២០១៨។
ជាមួយគ្នានោះដែរ បើតាមវិមានប្រធានាធិបតីកូរ៉េខាងត្បូង កិច្ចប្រជុំកំពូលអន្តរកូរ៉េ នឹងចាប់ផ្ដើមនៅម៉ោង ៩៖៣០នាទីព្រឹក (ម៉ោងនៅទីក្រុងសេអ៊ូល ត្រូវនឹងម៉ោង ៧៖៣០នាទីព្រឹកម៉ោងនៅកម្ពុជា) ហើយលោកប្រធានាធិបតី មូន ជែអ៊ីន និងលោក គីម ជុងអ៊ុន គ្រោងនឹងជួបគ្នានៅក្នុងជំនួបទល់មុខនៅម៉ោង ១០៖៣០នាទីព្រឹក រៀបចំឡើងនៅឯភូមិ ផាន់ម៉ុនចុម (Panmunjom) នៃតំបន់ព្រំដែនគ្មានយោធា រវាងកូរ៉េទាំងពីរស្ថិតប៉ែកទឹកដីកូរ៉េខាងត្បូង។ ខាងភាគីកូរ៉េខាងត្បូងក៏បានបញ្ជាដែរថា លោក មូន និងគីម នឹងត្រូវដើរទន្ទឹមគ្នា ទៅកាន់ទីលានមួយនៅចន្លោះអគារសេរីភាព និងអគារ សន្តិភាព ដើម្បីប្រកាសបើកកិច្ចប្រជុំជាផ្លូវការ។
គួរបញ្ជាក់ថា មកទល់បច្ចុប្បន្នកូរ៉េខាងត្បូង និងកូរ៉េខាងជើង នៅតែបន្តស្ថិតនៅក្នុងស្ថានភាពប្រកាសសង្រ្គាមជានិច្ច ដ្បិតអីក្រោយសង្រ្គាមកូរ៉េ (១៩៥០-១៩៥៣) បងប្អូនកូរ៉េបង្កើតទាំងពីរបានត្រឹមចុះហត្ថលេខាលើបទឈប់បាញ់ប៉ុណ្ណោះ មិនមែនកិច្ចព្រមព្រៀងសន្តិភាពនោះឡើយ។ ដូច្នេះជំនួបកំពូលអន្តរ កូរ៉េត្រូវបានគេមើលឃើញថា ជាឱកាសមួយ សម្រាប់ការស្វែងរកសន្តិភាពជាអចិន្ត្រៃយ៍នៅលើឧបទ្វីបកូរ៉េ បើជាទោះបីជាក្រុមអ្នកជំនាញ មានជំនឿតិចតួចថា ទីក្រុងព្យុងយ៉ាងនឹងយល់ព្រម រំសាយអាវុធនុយក្លេអ៊ែរទាំងស្រុងក៏ដោយ៕