(អង់ការ៉ា)៖ ប្រមុខការទូតរុស្ស៊ី តួកគី និងអ៊ីរ៉ង់ នឹងបើកកិច្ចប្រជុំមួយស្តីពីបញ្ហាស៊ីរី នៅក្នុងទីក្រុងម៉ូស្គូ នាថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។ នេះបើតាមសេចក្តីប្រកាសពីរដ្ឋាភិបាលតួកគី ដកស្រង់ដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៦ ខែមេសា ឆ្នាំ២០១៨។
ដំណឹងខាងលើត្រូវបានធ្វើឡើងដោយក្រសួងការបរទេសតួកគី ដែលបានប្រកាសថា រដ្ឋមន្រ្តីការបរទេសរបស់តួកគី រដ្ឋមន្រ្តីការបរទេសរុស្ស៊ី ព្រមទាំងរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ ដែលជាអ្នកធានានៃវេទិកាស្វែងរកសន្តិភាពទីក្រុង អាស្តានា (Astana) នោះនឹងបើកកិច្ចជួបពិភាក្សាមួយនៅឯរដ្ឋធានីម៉ូស្គូនៃប្រទេសរុស្ស៊ី នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨។
គួរជម្រាបថា ចាប់តាំងតែពីប្រទេសទាំងបី បានចាប់ផ្តើមកិច្ចប្រឹងប្រែងដើម្បីស្វែងរកសន្តិភាពឲ្យស៊ីរីនៅឯរដ្ឋធានី Astana នៃប្រទេសកាហ្សាក់ស្ថានមក កិច្ចប្រជុំជាបន្តបន្ទាប់បានលេចចេញជារូបរាងឡើង ហើយក្នុងនាមជាប្រទេសអ្នកធានា តួកគី-រុស្ស៊ី-អ៊ីរ៉ង់ បានប្រកាន់គោលជំហរយ៉ាងរឹងមាំ ក្នុងការធ្វើយ៉ាងណាសម្រេចឲ្យបាននូវអ្វីដែលខ្លួនហៅថា «បទឈប់បាញ់ដ៏យូរអង្វែង» នៅក្នុងប្រទេសស៊ីរី ព្រមទាំងបូរណភាពដែនដីនៃប្រទេសរងការហែកហួរដោយសង្រ្គាមមួយនេះ៕