(អាមេរិក)៖ ភពដែលមានព្រះអាទិត្យភ្លោះ ដូចជាភពកំណើតប្រឌិត Tatooine របស់តួអង្គ Luke Skywalker នៅក្នុងខ្សែភាពយន្តអវកាសបែបស្រមើស្រមៃ Star Wars ប្រហែលជាកម្រខ្លាំងណាស់ ពីព្រោះថាកម្លាំងទំនាញនៃផ្កាយដែលផ្គូផ្គងនៅជិតគ្នា នឹងរុញច្រានភពនានាចេញពីពួកវា ដូច្នេះវត្តមាននៃភពពិតជាពិបាកកើតឡើងណាស់ ក្នុងស្ថានភាពបែបនេះ។ នេះបើតាមការសិក្សាថ្មីមួយ ដកស្រង់ដោយវែបសាយ Space.com នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៦ ខែមេសា ឆ្នាំ២០១៨។
ទោះបីជាផែនដីយើងធ្វើគោចរជុំវិញតារាតែមួយដួងក៏ដោយ ផ្កាយដូចទៅនឹងព្រះអាទិត្យរបស់យើងផ្សេងទៀត ភាគច្រើនគឺជាប្រព័ន្ធរួមបញ្ចូលគ្នា ដែលមានផ្កាយចំនួនពីរធ្វើគោចរជុំវិញគ្នាទៅវិញទៅមកក្នុងលក្ខណៈជាគូ។ តាមពិតទៅ ប្រព័ន្ធផ្កាយបីក៏មានផងដែរ ហើយច្រើនថែមទៀតផង ខណៈពេលខ្លះទៀតក្នុងប្រព័ន្ធមួយមានផ្កាយដល់ទៅ ០៧ដួងឯណោះ។
ភពទាំងឡាយដែលធ្វើគោចរជុំវិញផ្កាយពីរដួង ត្រូវគេដាក់ឈ្មោះឲ្យថា Circumbinary Planet។ ភពអេលៀនពិតប្រាកដដំបូងគេជាមួយផ្កាយពីរដួង ដែលត្រូវបានរកឃើញដោយតារាវិទូនោះ គឺ Kepler-16b។ វាគឺជាភពឧស្ម័នយក្យមួយ ដែលកែវយឺតអវកាស Kepler បានរកឃើញនៅធ្វើគោចរផ្កាយជុំវិញប្រព័ន្ធផ្កាយភ្លោះ Kepler-16 ចម្ងាយប្រហែល ២០០ឆ្នាំពន្លឺពីផែនដី។
ក្រោយការពិសោធន៍តាមប្រព័ន្ធកុំព្យូទ័រ អ្នកវិទ្យាសាស្រ្តបានរកឃើញថា ការធ្វើអន្តរកម្មនៃកម្លាំងទំនាញ ដែលផ្កាយនីមួយៗនៅក្នុងប្រព័ន្ធតារាពីរ ជះលើគ្នាទៅវិញទៅមកនោះ នឹងធ្វើឲ្យចម្ងាយនៃការធ្វើគោចររបស់ពួកវាកើនឡើង។ បន្ថែមពីនេះ ដែនម៉ាញេទិចរបស់ផ្កាយទាំងពីរ នឹងទាញឲ្យពួកវាខិតទៅកៀកនឹងគ្នាវិញ។ ហេតុនេះហើយ ការប្រែប្រួលនៃគន្លងគោចររបស់ប្រព័ន្ធផ្កាយ នឹងបង្កអស្ថិរភាពដល់គន្លងគោចររបស់ភព ដែលនៅជុំវិញពួកវា។
យើងខ្ញុំសូមលើកឧទាហរណ៍មួយ នោះគឺប្រព័ន្ធផ្កាយភ្លោះ Alpha Centauri ដែលស្ថិតនៅជិតផែនដីយើងបំផុត (៤.៤ឆ្នាំពន្លឺ) ដែលមកទល់នឹងពេលនេះ សូម្បីតែភពមួយក៏មិនទាន់ត្រូវបានរកឃើញថា គោចរជុំវិញផ្កាយទាំងនោះផង។ ហេតុដូច្នេះការដែលសាច់រឿង Star War បង្ហាញឲ្យឃើញពីភពមួយ ដែលគោចរជុំវិញផ្កាយពីរដួងនោះ ពិតជារឿងមួយដែលមិនអាចទៅរួច ច្រើនជាងអាចទៅរួច៕