(អ៊ូឡាំបាទ័រ)៖ ប្រទេសម៉ុងហ្គោលី និងមហាយក្សឥណ្ឌាបានព្រមព្រៀងគ្នារួចហើយ នៅក្នុងការរឹតចំណងមិត្តភាពទ្វេភាគី ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការ ទូលំទូលាយលើគ្រប់វិស័យ។ នេះបើតាមសេចក្តីថ្លែងការណ៍ ពីក្រសួងការបរទេសម៉ុងហ្គោលី ដែលសារព័ត៌មាន ស៊ីនហួរ ដកស្រង់នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៦ ខែមេសា ឆ្នាំ២០១៨។
រដ្ឋមន្ត្រីក្រសួងកិច្ចការបរទេសរបស់ឥណ្ឌា លោកស្រី ស៊ូសម៉ា ស្វារ៉ាច (Sushma Swaraj) បានមកដល់រដ្ឋធានី អ៊ូឡាំបាទ័រ (Ulan Bator) របស់ប្រទេសម៉ុងហ្គោលី កាលពីថ្ងៃអង្គារសប្តាហ៍នេះ ដើម្បីបំពេញដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ ដែលវាជាលើកដំបូងបំផុតសម្រាប់រដ្ឋមន្ត្រីការបរទេសឥណ្ឌា ក្នុងការមកបំពេញទស្សនកិច្ចនៅប្រទេសដែលជាប់ព្រំដែនភាគខាងជើងប្រទេសចិនមួយនេះ ក្នុងរយៈពេល ៤២ឆ្នាំមកហើយ។
គួរបញ្ជាក់ថា នៅក្នុងដំណើរបំពេញទស្សនកិច្ច ជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីនេះ ប្រទេសឥណ្ឌាបានផ្តល់កម្ចីឥណទានសរុប ១ពាន់លានដុល្លារអាមេរិក ដើម្បីសាងសង់កន្លែងរុករកធនធានប្រេងដ៏មានសក្តានុពលបំផុតមួយ នៅក្នុងប្រទេសម៉ុងហ្គោលី។ បន្ថែមពីនេះទៀត ប្រទេសទាំងពីរក៏បានសន្យាបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យ នយោបាយ, ការពារជាតិ, ពាណិជ្ជកម្ម, វិនិយោគ, ព័ត៌មានវិទ្យា, កសិកម្ម, អប់រំ និងសុខាភិបាលផងដែរ៕