(ឥណ្ឌា)៖ ប៉ូលិសឥណ្ឌាបានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ក្មេងសិស្សសាលាយ៉ាងហោចណាស់ ១៣នាក់ បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីរថយន្ដរបស់ពួកគេ បានបុកគ្នាជាមួយរថភ្លើងពេញមួយទំហំលាន់ដូចរន្ទះ នៅឯរដ្ឋ យូតតា ប្រាឌែស (Uttar Pradesh) ស្ថិតនៅភាគខាងជើងប្រទេសឥណ្ឌា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៦ ខែមេសា ឆ្នាំ២០១៨។
យោងតាមប៉ូលិសឥណ្ឌា រថយន្ដដឹកសិស្សសាលាខាងលើ បានធ្វើដំណើរឆ្លងកាត់ផ្លូវដែកមួយខ្សែមិនមានអ្នកគ្រប់គ្រង និងត្រូវរថភ្លើងបុកមួយទំហឹង។ គ្រោះថ្នាក់ចរាចរណ៍រន្ធត់នេះ កើតឡើងតែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីក្មេងសិស្សសាលា ២៤នាក់បានស្លាប់ នៅពេលរថយន្ដរបស់ពួកគេធ្លាក់ចូលទៅក្នុងជ្រលងភ្នំ នៃរដ្ឋ ហ៊ីម៉ាចាល់ ប្រាឌែស (Himachal Pradesh)។
គួរបញ្ជាក់ថា នេះគឺជាគ្រោះថ្នាក់ចរាចរណ៍លើកចុងក្រោយ ដែលកើតនៅក្នុងតំបន់ គូស៊ូណាហ្គា (Kushinagar) នៃរដ្ឋ Uttar Pradesh ប៉ុន្តែគេមិនទាន់ដឹងច្បាស់ថា មានក្មេងប៉ុន្មាននាក់ជិះលើរថយន្ដខាងលើនៅឡើយទេ។ គ្រោះថ្នាក់ចរាចរណ៍នៅឥណ្ឌា តែងតែកើតឡើងជា ញឹកញាប់ដោយសារតែការបើកបរមិនគោររពច្បាប់ ផ្លូវមិនល្អ និងយានយន្ដគ្មានបទដ្ឋានបច្ចេកទេសត្រឹមត្រូវ៕