(អាមេរិក)៖ តាមមើលទៅដូចជាគ្មានរឿងចម្រូងចម្រាស បានកើតឡើងបន្តិចទាល់តែសោះ ព្រោះក្រុមហ៊ុនបណ្តាញសង្គមយក្សនៅលើពិភពលោក Facebook បានចេញរបាយការណ៍ក្តៅៗស្តីពីប្រាក់ចំណូលរបស់ខ្លួន សម្រាប់ត្រីមាសទីមួយដើមឆ្នាំ២០១៨នេះ ដ៏គួរឲ្យភ្ញាក់ផ្អើល និងប្រសើរជាងអ្វីដែលមនុស្សភាគច្រើនបានរំពឹងទុកទៅទៀត។ នេះបើតាមការដកស្រង់ការផ្សាយចេញពី បណ្តាញសារព័ត៌មានអាមេរិក CNN នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៦ ខែមេសា ឆ្នាំ២០១៨។
បើតាមសេចក្តីប្រកាសរបស់ Facebook បណ្តាញសង្គមលេខ ១ នៅសហរដ្ឋអាមេរិកមួយនេះ រកបានប្រាក់ចំណូលចំនួន ១១.៩៧ពាន់លានដុល្លារ និងទទួលបាន ១.៦៩ដុល្លារក្នុងមួយហ៊ុន សម្រាប់រយៈពេល ០៣ខែដើមឆ្នាំនេះ គឺគិតត្រឹមថ្ងៃទី៣១ ខែមីនាកន្លងទៅ។ តួលេខនេះ គឺហួសពីការរំពឹងទុករបស់ក្រុមអ្នកវិភាគភាគច្រើន ដែលរំពឹងថា ភាគហ៊ុនរបស់ Facebook នឹងមានតម្លៃត្រឹម ១.៣៥ដុល្លារប៉ុណ្ណោះក្នុងមួយហ៊ុនជាមួយប្រាក់ចំណូលតែ ១១.៤១ពាន់លានដុល្លារ។
ជាមួយគ្នានេះ បណ្តាញទំនាក់ទំនងសង្គម Facebook បានមើលឃើញទៀតថា មានការកើនឡើងនូវចំនួនអ្នកប្រើប្រាស់សកម្មជារៀងរាល់ថ្ងៃថែមទៀតផង គឺចំនួន ១.៤៥ពាន់លាននាក់ ធៀបទៅនឹង ១.៤០ពាន់លាននាក់កាលពីត្រីមាសមុន។ ម៉្យាងវិញទៀតចំនួនអ្នកប្រើប្រាស់ប្រចាំខែជារួមតែម្តងវិញនោះគឺ Facebook បានមើលឃើញថា មានការកើនឡើងដល់ ២.២ពាន់លាននាក់ លើសពីការរំពឹងទុករបស់ផ្សារហ៊ុន Wall Street ចំនួន ២.១៩ពាន់លាននាក់។
គួរជម្រាបថា នាអំឡុងពេលប៉ុន្មានខែចុងក្រោយនេះ Facebook បានទទួលរងសម្ពាធ និងការរិះគន់យ៉ាងចាស់ដៃ ជុំវិញរឿងអាស្រូវលេចធ្លាយទិន្នន័យរបស់អ្នកប្រើប្រាស់ប្រមាណ ៨៥លាននាក់។ បញ្ហានេះបានអូសក្រុមការងារ Facebook រួមទាំងបិតាស្ថាបនិក គឺលោក ម៉ាក ហ្សាក់ខឺប៊ឺក (Mark Zuckerburg) ឡើងទៅស្រាយបំភ្លឺនៅចំពោះមុខព្រឹទ្ធសភាអាមេរិកថែមទៀតផង៕