(វ៉ាស៊ីនតោន)៖ សេតវិមានលោក ដូណាល់ ត្រាំ បានលើកឡើងថា កូរ៉េខាងជើង ដែលជាធ្លាប់ជាប្រទេសកុម្មុយនិស្តដ៏រឹងទទឹងមួយនោះ ឥឡូវនេះកំពុងឆ្ពោះទៅរកទិសដៅត្រឹមត្រូវហើយ ជុំវិញបញ្ហានៃការរំសាយអាវុធនុយក្លេអ៊ែរ ពីតំបន់ឧបទ្វីបកូរ៉េ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមេសា ឆ្នាំ២០១៨។
ការលើកឡើងខាងលើរបស់សេតវិមានអាមេរិក ត្រូវបានធ្វើឡើងបន្ទាប់ពីប្រធានាធិបតី លោក ដូណាល់ ត្រាំ បានថ្លែងកោតសរសើរពេញៗមាត់ ចំពោះប្រមុខដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ថាគឺជាមនុស្សគួរឲ្យគោរព និងបើកទូលាយ ហើយលោកបង្ហាញក្តីសង្ឃឹមថា នឹងអាចដោះស្រាយបញ្ហាជាមួយទីក្រុងព្យុងយ៉ាង បានដោយមធ្យោបាយគួរឲ្យគោរពដូចគ្នា។
យ៉ាងណាមិញ អ្នកនាំពាក្យសេតវិមានលោកស្រី សារ៉ាហ៍ សេនដឺស (Sarah Sanders) នៅតែបានបញ្ជាក់ថា សហរដ្ឋអាមេរិក នឹងមិនបន្ធូរបន្ថយយុទ្ធនាការដាក់សម្ពាធជាអតិបរមាប្រឆាំងនឹងទីក្រុងព្យុងយ៉ាងនោះឡើយ រហូតទាល់តែកូរ៉េខាងជើង បានអនុវត្តន៍នូវអ្វីដែលខ្លួនបានអះអាងកន្លងមក ឲ្យទៅជាសកម្មភាពជាក់ស្តែង។
គួរជម្រាបថា បើតាមលោក ដូណាល់ ត្រាំ ផ្ទាល់ លោកនឹងជួបជាមួយលោក គីម ជុងអ៊ុន នៅចុងខែឧសភា ឬក៏ដើមខែមិថុនា ប៉ុន្តែនៅថ្ងៃសុក្រស្អែកនេះ ជំនួបកំពូលជាប្រវត្តិសាស្រ្តមួយទៀតនឹងកើតឡើង គឺប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន នឹងត្រូវជួបពិភាក្សាទល់មុខគ្នាជាមួយលោក គីម៕