(អាមេរិក)៖ ទីភ្នាក់ងារអវកាសអាមេរិក NASA បានបញ្ចេញរូបភាពថ្មីមួយទៀតហើយ នៃព្យុះយក្សពណ៌ក្រហម ដែលគេហៅថា Great Red Spot នៅលើភពព្រហស្បតិ៍ (Jupiter) ដោយការថតរូបភាពដ៏អស្ចារ្យនេះ គឺជាស្នាដៃរបស់យានអវកាស Juno ដែលកំពុងគោចរនៅទីនោះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី វែបសាយ Space.com នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមេសា ឆ្នាំ២០១៨។
រូបភាពថ្មីខាងលើមួយសន្លឹកនេះ គឺជាការួមផ្សំបញ្ចូលគ្នានៃរូបភាពចំនួនបីសន្លឹក ដែលយានអវកាស Juno បានថតយកដោយប្រើប្រាស់កាមេរ៉ា JunoCam ដ៏ទំនើបរបស់វា កាលពីថ្ងៃទី០១ ខែមេសានេះ ក្នុងអំឡុងនៃការហោះឆ្វែល Flyby ចុងក្រោយបំផុតរបស់ខ្លួន ទៅកៀកនឹងភពដ៏ធំជាងគេបង្អស់ក្នុងប្រព័ន្ធព្រះអាទិត្យយើងនេះ។
ក្រោយមកក្រុមអ្នកវិទ្យាសាស្រ្តសាមញ្ញៗពីររូបឈ្មោះ លោក Gerald Eichstadt និង Sean Doran បានធ្វើការកែខៃរូបភាពទាំងនេះ ឲ្យទៅជាផលិតផលរូបភាពមួយសន្លឹកចុងក្រោយ ដែលមានការរំលេចពណ៌បន្ថែម ហើយ NASA ក៏បានបញ្ចេញរូបភាពនេះជាសាធារណៈតែម្តង។ នេះគឺជាតំណភ្ជាប់សម្រាប់អ្នកដែលមានចំណាប់អារម្មណ៍ អាចចុចចូលទៅមើលរូបភាពទាំងដើម និងរូបភាពក្រោយការកែច្នៃ ទាក់ទិននឹងភពព្រហស្បតិ៍ ដែលថតយកបានដោយកាមេរ៉ា JunoCam របស់យានអវកាស Juno https://www.missionjuno.swri.edu/junocam/processing។
ចំណុច Great Red Spot មានមុខកាត់ប្រហែល ១៦,៣៣០គីឡូម៉ែត្រ ពោលគឺធំជាងផែនដីយើង ១.៣ដង ប៉ុន្តែព្យុះបិសាចនេះ ធ្លាប់មានទំហំធំជាងនេះច្រើនដងឯណោះ មុនពេលវារួចមាឌតូចជាងមុន។ តួយ៉ាងការធ្វើកំណត់ត្រាបានឲ្យដឹងថា វាធ្លាប់មានមុខកាត់ប្រវែង ៥៦,៣០០គីឡូម៉ែត្រកាលពីជាង ២០០ឆ្នាំមុន។ អ្នកវិទ្យាសាស្រ្តខ្លះបានលើកឡើងថា ប្រសិនបើការរួមមាឌនេះនៅតែបន្ត ព្យុះ Great Red Spot អាចនឹងរលាយបាត់តែម្តង នៅក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ខាងមុខ។
គួរជម្រាបថា បេសកកម្ម Juno មានតម្លៃ ១.១ពាន់លានដុល្លារ ត្រូវបានគេបាញ់បង្ហោះទៅកាន់ទីអវកាស កាលពីខែសីហា ឆ្នាំ២០១១ ហើយបានធ្វើដំណើរទៅដល់ភពព្រហស្បតិ៍ នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៦។ យានអវកាស Juno បាននិងកំពុងធ្វើគោចរក្នុងទម្រង់ជារាងពងក្រពើ ជុំវិញភពឧស្ម័នយក្សនេះ ជារៀងរាល់ ៥៣.៥ថ្ងៃម្តង (ថ្ងៃនៅផែនដី)។
នៅក្នុងអំឡុងនៃការហោះ Flyby ដូចកាលពីថ្ងៃទី០១ ខែសីហានេះ យានអវកាស Juno ធ្វើការតាមដានទៅលើដែនទំនាញ និងម៉ាញេទិច ព្រមទាំងសិក្សាទៅលើសមាសធាតុផ្សំ សីតុណ្ហភាព និងចលនានៃបរិយាកាសដ៏ក្រាស់ឃ្មឹករបស់ភពយក្សនេះ។ ទិន្នន័យទាំងឡាយដែលបានមកពី Juno កំពុងជួយអ្នកវិទ្យាសាស្រ្តបង្កើនការយល់ដឹង អំពីទម្រង់ផ្នែកខាងក្នុងរបស់ Jupiter រួមទាំងប្រវត្តិនៃការវិត្តន៍របស់វា គឺថាតើJupiter បានចាប់ចេញជារូបរាងឡើង ហើយបានប្រែប្រួលយ៉ាងដូចម្តេចខ្លះនាពេលរាប់ពាន់លានឆ្នាំកន្លងមកនេះ៕