(សេអ៊ូល)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អាចនឹងជួបពិភាក្សាការងារជាមួយសមភាគីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន នៅមុនជំនួបរបស់លោកជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដើម្បីស្វែងរកកិច្ចព្រមព្រៀងមួយ ស្ដីពីការរំសាយអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ។ នេះបើតាមសេតវិមាន ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមេសា ឆ្នាំ២០១៨។
យោងតាមសេតវិមាន ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ចច បូលតុន (John Bolton) បានពិភាក្សាជាមួយសមភាគីកូរ៉េខាងត្បូងរបស់លោកគឺ លោក ជុង អ៊ុយយ៉ុង (Chung Eui-yong) កាលពីថ្ងៃពុធ ហើយអ្នកទាំងពីរក៏បានពិភាក្សាគ្នាផងដែរ ពីការរៀបចំជំនួបមួយរវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន ដែលអាចនឹងត្រូវធ្វើឡើងមុនជំនួបកំពូលសហរដ្ឋអាមេរិក និងកូរ៉េខាងជើង។ លោក មូន ជែអ៊ីន នឹងត្រូវជួបជាមួយលោក គីម នៅថ្ងៃសុក្រសប្ដាហ៍នេះ ខណៈលោក ត្រាំ អះអាងថាលោកអាចនឹងជួបមេដឹកនាំទីក្រុងព្យុងយ៉ាង នៅចុងខែឧសភា ឬនៅដើមខែមិថុនានេះ។
គួររំលឹកថា កាលពីសប្ដាហ៍មុន លោក មូន ជែអ៊ីន បាននិយាយថា កូរ៉េខាងជើងបានបង្ហាញពីការប្ដេជ្ញាចិត្តរំសាយអាវុធនុយក្លេអ៊ែរ របស់ខ្លួនទាំងស្រុង ហើយទីក្រុងព្យុងយ៉ាងកាលពីថ្ងៃសៅរ៍ ក៏បានអះអាងដែរថា ខ្លួននឹងបញ្ឈប់ការធ្វើតេស្ដអាវុធនុយក្លេអ៊ែរ និងមីស៊ីល។ ប៉ុន្តែទន្ទឹមគ្នា ទីក្រុងវ៉ាស៊ីនតោន ក៏ប្រាប់កូរ៉េខាងជើងជាមុនដែរថា នឹងមិនមានការបន្ធូរបន្ថយ ឬដកទណ្ឌកម្មជាដាច់ខាត បើរបបដឹកនាំកុម្មុយនិស្ដមួយនេះ មិនបោះចោលអាវុធនុយក្លេអ៊ែរទាំងស្រុងទេនោះ៕