ភ្លេចខ្លួនទេដឹង? ប្រធានាធិបតីបារាំង Macron ទៅដល់ផ្ទះគេហើយ និយាយរិះគន់ម្ចាស់ផ្ទះគេពេញៗមាត់ទៀត!
26-04-2018 09:41
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីបារាំង លោក អ៊ែមម៉ានុយអែល ម៉ាក្រុង (Macron) បានប្រើប្រាស់សុន្ទរកថារបស់លោក នៅចំពោះមុខសភាអាមេរិក ធ្វើការថ្កោលទោសយ៉ាងខ្លាំងលើគំនិតជាតិនិយម និងឯកោនិយម ខណៈអ្នកវិភាគមើលឃើញថា សម្តីរបស់ប្រធានាធិបតីបារាំងរូបនេះ ជាការវាយប្រហារដោយប្រយោលលើគោលនយោបាយ តម្កល់ផលប្រយោជន៍អាមេរិកមុនគេ (America First) របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលកំពុងអនុវត្តន៍សព្វថ្ងៃ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមេសា ឆ្នាំ២០១៨។
យោងតាមលោក ម៉ាក្រុង គំនិតជាតិនិយម និងឯកោនិយម គឺជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ដល់ការរីកចំរើនរបស់ពិភពលោក ប៉ុន្តែលោកនៅតែជឿជាក់ថា គំនិតទាំងពីរនេះមិនអាចបញ្ឈប់ការវវិត្ត នៃពិភពលោកបានឡើយ។ ប្រធានាធិបតីបារាំងរូបនេះ បានគូសបញ្ជាក់ដូច្នេះថា «ឯកោនិយម គឺត្រឡប់ថយក្រោយ ហើយជាតិនិយមគឺអាចជាឧបសគ្គ បង្កការព្រួយបារម្ភដល់ពួកយើងជាបណ្ដោះអាសន្ន។ ប៉ុន្តែការបិទទ្វារផ្ដាច់ខ្លួនពីពិភពលោក នឹងមិនអាចបញ្ឈប់ការវិវត្តរបស់ពិភពលោកបានឡើយ ពោលគឺវានឹងមិនអាចពន្លិចយើងទេ តែវាបញ្ឆេះភាពភ័យខ្លាចដល់ប្រជាជនរបស់យើង»។
គួរបញ្ជាក់ថា សុន្ទរកថារបស់លោក អែមម៉ានុយអែល ម៉ាក្រុង នៅចំពោះមុខសភាអាមេរិកកាលពីថ្ងៃពុធ ធ្វើឡើងនាឱកាសដែល លោកបំពេញដំណើរទស្សនកិច្ចផ្លូវរដ្ឋ ទៅកាន់សហរដ្ឋអាមេរិក៕