(តេហេរ៉ង់)៖ ក្រសួងអប់រំអ៊ីរ៉ង់បានឱ្យដឹងថា ទីក្រុងតេហេរ៉ង់ មានបំណងជំនួសភាសាអង់គ្លេស ដែលជាភាសាបរទេសទី ២ នៅក្នុងប្រព័ន្ធអប់រំអ៊ីរ៉ង់ ដោយភាសាដទៃក្នុងនោះរួមមានទាំងភាសារុស្ស៊ី ខណៈកិច្ចចរចាលើវត្ថុបំណងនេះ កំពុងធ្វើឡើងជាមួយក្រសួងអប់រំរុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមេសា ឆ្នាំ២០១៨។
នេះគឺជាប្រកាសរបស់រដ្ឋមន្ត្រីអប់រំអ៊ីរ៉ង់ លោក សេយយ៉េដ ម៉ូហាំម៉េដ បាសៃ (Seyyed Mohammad Bathaei) នៅឯជំនួបជាមួយ លោក Vyacheslav Nikonov ជាប្រធានគណៈកម្មាធិការសភារុស្ស៊ី ទទួលបន្ទុកផ្នែកអប់រំ និងវិទ្យាសាស្ត្រនាឱកាសដែលលោកបំពេញដំណើរទស្សនកិច្ចទៅកាន់ទីក្រុងម៉ូស្គូ នៅក្នុងសប្ដាហ៍នេះ។ ថ្លែងនៅក្នុងជំនួបនោះដែរ លោក Bathaei បានលើកឡើងដូច្នេះថា «គោលនយោបាយអប់រំរបស់ រដ្ឋាភិបាលអ៊ីរ៉ង់ កំពុងមានបំណងបិទបញ្ចប់ភាពផ្ដាច់មុខនៃភាសាអង់គ្លេស ក្នុងនាមជាភាសាបរទេសទី ២ ក្នុងប្រព័ន្ធអប់រំអ៊ីរ៉ង់ហើយ ជំនួសមកវិញដោយភាសាបរទេសដទៃ ជាពិសេសគឺភាសារុស្ស៊ីតែម្ដង»។
គួរបញ្ជាក់ថា បច្ចុប្បន្នប្រជាជនអ៊ីរ៉ង់ ១,០០០គ្រួសារប៉ុណ្ណោះ បាននឹងកំពុងបង្រៀនភាសារុស្ស៊ីដល់កូនៗរបស់ពួកគេ ជំនួសភាសាអង់គ្លេស។ នេះបើតាម លោក ម៉ូសិន សូចៃ (Mohsen Shojaie) សាស្ត្រាចារ្យមកពីសាកលវិទ្យាល័យ Azad ក្នុងទីក្រុងតេហេរ៉ង់។ ដូច្នេះការបែរទិសដៅទៅរកភាសាផ្សេងក្រៅពីអង់គ្លេសនោះ វាពិតជារឿងដែលលំបាកហើយ សម្រាប់ប្រទេសអ៊ីរ៉ង់ ដោយយ៉ាងហោចណាស់ក៏ត្រូវការពេលរាប់ទសវត្សរ៍ដែល ក្នុងការប្តេជ្ញាចិត្តបត់ចង្កូតបែបនេះ៕