(ហ្សាការតា)៖ អគ្គីភ័យដែលបានឆាបឆេះនៅអណ្តូងប្រេងខុសច្បាប់មួយកន្លែង ស្ថិតក្នុងខេត្ត អាសេ (Aceh) ភាគខាងជើងនៃកោះស៊ូម៉ាត្រា (Sumatra) ដែនដីភាគខាងលិច នៃប្រទេសឥណ្ឌូណេស៊ី កាលពីព្រឹកថ្ងៃពុធនោះ បានបណ្តាលឲ្យមនុស្សស្លាប់កើនឡើងដល់ ១៥នាក់ហើយ និងរបួសប្រមាណ ៤៣នាក់ផ្សេងទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាល្ងាចថ្ងៃពុធ ទី២៥ ខែមេសា ឆ្នាំ២០១៨។
បន្ថែមពីខាងលើនេះ អាជ្ញាធរឥណ្ឌូណេស៊ីកំពុងតែបំពេញប្រតិបត្តិការសង្គ្រោះ និងស្វែងយល់មូលហេតុនៃការកើតករណីអគ្គីភ័យខាងលើនេះ ប៉ុន្តែមូលហេតុទី ១ នោះគឺអាចបណ្តាលមកពីការចោលកន្ទុយបារី។ នេះបើតាមសម្តីលោក ស៊ូតូផូ នូក្រូហូ (Sutopo Purwo Nugroho) មន្ត្រីនៃទីភ្នាក់ងារចាត់ចែងគ្រាមានអាសន្នឥណ្ឌូណេស៊ី បានបញ្ជាក់ប្រាប់ស៊ីនហួរ។
លោក ស៊ូតូផូ បញ្ជាក់យ៉ាងដូច្នេះថា «យើងនៅតែកំពុងប្រមូលទិន្នន័យបន្ថែម អំពីចំនួននៃជនរងគ្រោះ ពីព្រោះតែភ្លើងនៅតែបន្តឆាបឆេះនៅឡើយ»។ សម្រាប់អ្នករងរបួសទាំងអស់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងខេត្ត អាសេ ដើម្បីទទួលការសង្គ្រោះហើយ ដោយខ្លះមានសភាពធ្ងន់ធ្ងរដោយត្រូវភ្លើងឆេះរោលពេញខ្លួនតែម្តង។
គួរបញ្ជាក់ថា អណ្តូងប្រេងខាងលើនេះ ស្ថិតនៅក្នុងភូមិ Pasir Putih នៃស្រុក Timur របស់ខេត្តអាសេ ដោយវាបានឆាបឆេះតាំងពីវេលាម៉ោង ១៖៣០នាទីរំលងអធ្រាត។ មនុស្សស្លាប់ច្រើនបែបនេះ ក៏ព្រោះតែកម្មករមួយចំនួនមិនព្រមចាកចេញពេលមានភ្លើងឆេះតិចៗ ដោយពួកគេសុខចិត្តនៅប្រមូលប្រេងសិន ទើបបានជាភ្លើងឆេះកាន់តែខ្លាំង ហើយដុតពួកគេតែម្តង៕