(គូឡាឡំាពួរ)៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ (Najib Razak) នឹងមិនទៅចូលរួមកិច្ចប្រជុំកំពូលប្រជាជាតិអាស៊ីអាគ្នេយ៍ ឬហៅកាត់ថា អាស៊ានលើកទី ៣២ ដែលនឹងត្រូវរៀបចំឡើងនៅក្នុងប្រទេសសិង្ហបុរី នៅក្នុងសប្ដាហ៍នេះទេ ដោយលោកបានបញ្ជាឱ្យឧបនាយរដ្ឋមន្ត្រី លោក មូសា ហ៊ីតាម (Musa Hitam) ដឹកនាំគណៈប្រតិភូទៅចូលរួមជំនួសវិញ។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសម៉ាឡេស៊ី ដកស្រង់ដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី២៥ ខែមេសា ឆ្នាំ២០១៨។
យោងតាមក្រសួងការបរទេសម៉ាឡេស៊ី លោក Musa Hitam នឹងដឹកនាំគណៈប្រតិភូ មកពីក្រសួងការបរទេស ក្រសួងពាណិជ្ជកម្មអន្តរជាតិ និងឧស្សហកម្ម រួមទាំងរដ្ឋមន្រ្តីនៃក្រសួងទាំងនេះ ទៅចូលរួមកិច្ចប្រជុំអាស៊ាននៅសិង្ហបុរី។ ប៉ុន្តែ ព្រមពេលជាមួយគ្នា ក្រសួងមិនបានបញ្ជាក់ពីមូលហេតុនៃការអវត្តមានរបស់ លោក Najib Razak ឡើយ ដោយគ្រាន់តែគេដឹងថា ការចាត់តាំងលោក Hitam ធ្វើឡើងការបោះឆ្នោតសភា និងនាយករដ្ឋមន្ត្រីអាណត្តិថ្មី កាន់តែខិតជិតចូលមកដល់នៅខែឧសភាខាងមុខនេះ។
គួរបញ្ជាក់ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតម៉ាឡេស៊ី បានកំណត់យកថ្ងៃទី០៩ ខែឧសភា ជាថ្ងៃបោះឆ្នោតសភា ដោយក្នុងនោះអតីតនាយករដ្ឋមន្ត្រីមួយរូបវ័យជាង ៩០ឆ្នាំ ដែលធ្លាប់ដឹកនាំប្រទេសម៉ាឡេស៊ីជាច្រើនអាណត្តិ ក៏បានសម្រេចចូលរួមផងដែរ ដើម្បីប្រកួតប្រជែងនឹងលោក ណាជីប រ៉ាហ្សាក់៕