(ប៉េកាំង)៖ សេចក្តីព្រាងច្បាប់ទីពីរ ដែលចែងអំពីអ្នកវាយតម្លៃរឿងក្តីក្នុងតុលាការ ត្រូវបានបញ្ជូនទៅកាន់សភារបស់ចិននាថ្ងៃពុធនេះ ដោយក្នុងសេចក្តីព្រាងនេះ បានលើកឡើងពីការចង់ផ្តល់សិទ្ធិឲ្យបុគ្គលជាជនសាមញ្ញទាំងនោះ ដើរតួនាទីធំក៏ដូចជាសំខាន់ជាងមុន នៅក្នុងប្រព័ន្ធយុត្តិធម៌នៃមហាយក្សនៅអាស៊ីមួយនេះ។ នេះបើតាមការចេញផ្សាយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី២៥ ខែមេសា ឆ្នាំ២០១៨។
បើតាមសេចក្តីព្រាងច្បាប់ខាងលើ ក្រុមអ្នកវាយតម្លៃតុលាការខាងលើ ត្រូវបានគេទទួលស្គាល់ថា មានសិទ្ធិស្មើទៅនឹងចៅក្រម ដែលមានជំនាញវិជ្ជាជីវៈនៅក្នុងសវនាការដែរ លើកលែងតែក្នុងករណីណាមួយផ្សេង ដែលច្បាប់កំណត់ផ្ទុយពីនេះ។ អ្នកវាយតម្លៃទទួលបានការអនុញ្ញាតឲ្យចូលរួមក្នុងនីតិវិធីច្បាប់នានា ដែលទោសប្រហារជីវិតអាចកើតមានទៅរួច ព្រមទាំងសំណុំរឿងផ្សេង ០២ទៀត ដែលមានឥទ្ធិពលធំធេងទៅលើសង្គមជាតិ។
គួរជម្រាបថា សេចក្តីព្រាងច្បាប់ខាងលើ ត្រូវបានដាក់ជូនជាលើកទីមួយ ទៅកាន់គណៈកម្មាធិការអចិន្រ្តៃយ៍ នៃសភាប្រជាជនចិន (NPC) កាលពីខែធ្នូ ឆ្នាំ២០១៧ ដោយវាត្រូវបានគេធ្វើឡើងយោងទៅតាមការសម្រេចចិត្តមួយ របស់គណៈកម្មាធិការអចិន្រ្តៃយ៍នៃ NPC កាលពីឆ្នាំ២០០៤ សំដៅលើកស្ទួយការប្រើប្រាស់ក្រុមអ្នកវាយតម្លៃតុលាការ រួមទាំងកម្មវីធីសាកល្បងមួយ នៅក្នុងតាមថ្នាក់ខេត្តចំនួន ១០ ដែលបានចាប់ផ្តើមកាលពីឆ្នាំ២០១៥។ ជាមួយគ្នានេះ គណៈកម្មាធិការច្បាប់ និងរដ្ឋធម្មនុញ្ញនៃ NPC បានឲ្យដឹងថា នឹងធ្វើការបោះឆ្នោតសម្រេចលើសេចក្តីព្រាងច្បាប់នេះ នាពេលឆាប់ៗខាងមុខ៕