(ជប៉ុន)៖ នៅរសៀល ថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០១៨ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានចូលជួបសម្តែងការគួរសមជាមួយលោក យ៉ាស៊ូស៊ី អាកាស៊ី (Yasushi Akashi) អតីតតំណាងពិសេសអគ្គលេខាធិការ អង្គការសហប្រជាជាតិ ទទួលបន្ទុកជាប្រធានបេសកកម្មអង្គការសហប្រជាជាតិនៅកម្ពុជា។
ក្នុងជំនួបសម្តែងការគួរសមនេះ លោកបណ្ឌិតបានពាំនាំនូវការសាកសួរសុខទុក្ខនិងក្តីនឹករលឹកពីសម្តេចតេជោនាយករដ្ឋមន្ត្រី ជូនចំពោះលោកអាកាស៊ី ព្រមទាំងជម្រាបជូនអំពី បច្ចុប្បន្នភាពនៅកម្ពុជាជាពិសេសទាក់ទងនឹងស្ថេរភាព និងការអភិវឌ្ឍន៍។ ជាការឆ្លើយតបលោក យ៉ាស៊ូស៊ី អាកាស៊ី (Yasushi Akashi) បានសម្តែងនូវក្តីរំភើបរីករាយ ដែលបានជួបសំណេះសំណាលផ្ទាល់ ជាមួយលោកបណ្ឌិតនៅលើទឹកដីជប៉ុននេះ ក្រោយពីបញ្ចប់បេសកកម្ម UNTAC ឆ្នាំ១៩៩៣មក ហើយតាមរយៈការជួបផ្ទាល់នេះ លោកក៏បានផ្តាំផ្ញើរក្តីនឹករលឹកជូនចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រីផងដែរ។
ជាមួយគ្នានេះលោក យ៉ាស៊ូហ្ស៊ី អាកាស៊ី បានរំលឹកឡើងវិញនូវការងារមួយចំនួន ដែលកើតមានក្នុងដំណាក់កាលស្វែងរកសន្តិភាពនៅកម្ពុជាក្នុងអំឡុងឆ្នាំ ១៩៩២-១៩៩៣ និងការលះបង់ធំៗរបស់ប្រជាជនកម្ពុជា ក៏ដូចជារបស់កងកម្លាំងរក្សាសន្តិភាព នៃអង្គការសហប្រជាជាតិដើម្បីស្វែងរកសន្តិភាពដ៏លំបាកជូនកម្ពុជានាពេលនោះ។
លោកក៏បានបង្ហាញនូវមោទនៈភាពចំពោះការរីកចម្រើនរបស់ប្រទេសកម្ពុជា ក្នុងរយៈពេល២៥ឆ្នាំ ក្រោយការបោះឆ្នោតលើកទី១ នាឆ្នាំ១៩៩៣ (ដែលរៀបចំដោយ UNTAC) និងការដោះស្រាយបញ្ចប់សង្គ្រាមនៅកម្ពុជានាឆ្នាំ១៩៩៨។ ក្នុងជំនួបនោះក៏បានពិភាក្សាលើការងារមួយចំនួនទាក់ទងនឹងស្ថានការណ៏នយោបាយពិតនៅកម្ពុជា និងជាការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការថែរក្សានិងពង្រឹងនូវកិច្ចការសំខាន់បីដែលជាគោលបំណងធំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ ១៩៩១ នោះគឺការថែរក្សាសន្តិភាព ការពង្រឹងលិទ្ធិប្រជាធិបតេយ្យផ្អែកលើនិតិរដ្ឋ និងការការពារអធិបតេយ្យភាព និងឯករាជ្យជាតិរបស់កម្ពុជាដែលបំពេញបាន នូវតម្រូវការរបស់ប្រជាពរដ្ឋកម្ពុជាប្រាថ្នាចង់បានគឺសន្តិភាពនិងស្ថេរភាព ហើយលោកក៏បានបញ្ជាក់ផងដែរថា បញ្ហារបស់កម្ពុជាគួរទុកឲ្យកម្ពុជាជាអ្នកដោះស្រាយ។
មុនបញ្ចប់ការសំណេះសំណាលលោក យ៉ាស៊ូស៊ី អាកាស៊ី ក៏ផ្តល់នូវសៀវភៅកម្រងអនុស្សាវរីយ៏ស្តីពីការបំពេញបេសកម្មស្វែងរកសន្តិភាព នៅកម្ពុជានាពេលកន្លងមកជូន ចំពោះលោកបណ្ឌិតផងដែរ៕