(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយជប៉ុន នៅថ្ងៃពុធនេះបានរាយការណ៍ថា ទីក្រុងតូក្យូបានសម្ដែងការតវ៉ាយ៉ាងខ្លាំងចំពោះកូរ៉េខាងត្បូង ដែលមានគំរោងយកបង្អែមប្រចាំកោះ Dokdo ដាក់លើតុសម្រាប់អាហារពេលល្ងាច នៃកិច្ចប្រជុំកំពូលអន្តរកូរ៉េនៅថ្ងៃសុក្រសប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅរសៀលថ្ងៃពុធ ទី២៥ ខែមេសា ឆ្នាំ២០១៨។
យោងតាមស្ថានីយ៍ទូរទស្សន៍ជប៉ុន NHK លោក គែនជី កាណាស៊ូជិ (Kenji Kanasugi) អគ្គនាយក នៃអគ្គនាយករដ្ឋានទទួលបន្ទុកកិច្ចការតំបន់អាស៊ី និងអូសេអានី នៃក្រសួងការបរទេសជប៉ុន បានសម្ដែងការតវ៉ាប្រឆាំងនឹងការសម្រេចចិត្ត របស់រដ្ឋាភិបាលកូរ៉េខាងត្បូង នៅក្នុងជំនួបរវាងលោក និងមន្ត្រីជាន់ខ្ពស់ស្ថានទូតកូរ៉េខាងត្បូងមួយរូប ប្រចាំទីក្រុងតូក្យូ។ បន្ថែមពីលើនេះ លោក Kenji ក៏ត្រូវបានគេរាយការណ៍ដែរថា បានបង្ហាញពីការសោកស្ដាយជាខ្លាំង ព្រមទាំងបានស្នើឱ្យទីក្រុងសេអ៊ូល ដកមុខម្ហូបនោះចេញពីបញ្ជីមុខម្ហូបអាហារពេលល្ងាចវិញ។
គួរជម្រាបថា កាលពីថ្ងៃអង្គារវិមានប្រធានាធិបតីកូរ៉េខាងត្បូង បានបង្ហាញពីបញ្ជីមុខម្ហូបសម្រាប់កិច្ចប្រជុំកំពូលអន្តរកូរ៉េ ក្នុងនោះ រួមមានទាំងបង្អែមជាមួយការតុបតែងលម្អរផែនទីរួមគ្នារវាងកូរ៉េទាំងពីរ និងកោះ Dokdo (ជប៉ុនដាក់ឈ្មោះថា តាកេស៊ីម៉ា) ដែលជប៉ុនអះអាងថា ជាកោះរបស់ខ្លួន តែបច្ចុប្បន្នកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់កូរ៉េខាងត្បូង៕