(ញូដេលី)៖ ប្រទេសឥណ្ឌាត្រូវបានគេរាយការណ៍ បានធ្វើការកោះហៅផ្កាយរណបធ្ងន់បំផុតរបស់ខ្លួន គឺរហូតដល់ទៅ ៥,៧០០គីឡូក្រាម នោះត្រឡប់មកប្រទេសនេះវិញ ក្រោយពីខ្លួនបានរកឃើញថា វាមានបញ្ហាធំមួយផ្នែកបច្ចេកទេស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃពុធ ទី២៥ ខែមេសា ឆ្នាំ២០១៨។
ទីភ្នាក់ងារអវកាសរដ្ឋឥណ្ឌា ISRO បានឲ្យដឹងថា ខ្លួនបានជួលផ្កាយរណបបារាំង French Ariane-5 ដើម្បីធ្វើការបាញ់បង្ហោះផ្កាយរណបតាមដានភូមិសាស្ត្រ និងផ្តល់សេវាទូរគមនាគមន៍ GSAT-11 នៅលើទឹកដីបារាំង-ហ្គាណា (French Guiana) ជាដែនដីបារាំងគ្រប់គ្រងនៅភាគឦសាន នៃទ្វីបអាមេរិកខាងត្បូង ជាប់មហាសមុទ្រអាត្លង់ទិច ដែលគ្រោងធ្វើការបាញ់បង្ហោះនៅថ្ងៃទី២៦ ខែឧសភា ខាងមុខនេះទៅហើយនោះ។
សេចក្តីរាយការណ៍ព័ត៌មានបានបន្តទៀតថា មូលហេតុនៃការស្នើបញ្ជូនផ្កាយរណបឥណ្ឌា ជាទីកន្លែងដែលវាត្រូវបានផលិតវិញនេះ គឺដោយសារតែ GSAT-11 ទម្ងន់ ៥.៧តោន នេះត្រូវបានក្រុមវិស្វកររកឃើញថា មានបញ្ហាផ្នែកបច្ចេកទេស នៃប្រព័ន្ធធ្វើទំនាក់ទំនងរបស់វាតែម្តង។ មន្ត្រីរបស់ ISRO មិនទាន់មានការបញ្ជាក់អ្វីបន្ថែម ជុំវិញការចេញផ្សាយនេះ ឬក៏ពេលវេលាដែលវាត្រូវឲ្យធ្វើការបញ្ជូន ទៅបាញ់បង្ហោះឡើងវិញនោះឡើយ។
គួរបញ្ជាក់ថា ប្រសិនបើផ្កាយរណបធំបំផុតរបស់ឥណ្ឌា GSAT-11 ត្រូវបានបាញ់បង្ហាះដោយជោគជ័យនោះ វានឹងក្លាយជាការជម្រុញវិស័យទូរគមនាគមន៍យ៉ាងធំធេង សម្រាប់មហាយក្សលេខ ២ ប្រចាំនៅតំបន់អាស៊ីមួយនេះ ហើយក៏នឹងក្លាយជាផ្កាយរណប ដែលបម្រើសេវា Web ពីផ្កាយរណបដំបូងបំផុតផងដែរ។ ការពិនិត្យឡើងវិញនេះ គឺដើម្បីភាពប្រាកដច្បាស់នៅក្នុងការបាញ់បង្ហោះប្រកបដោយជោគជ័យ និងប្រសិទ្ធភាព ព្រោះបើសិនជាវាខូចនៅទីអវកាស គេប្រាកដជាពិបាករកវិធីស្រោចស្រង់ណាស់៕