(សេអ៊ូល)៖ ខណៈជំនួបកំពូលអន្តរកូរ៉េ នឹងឈានចូលមកដល់នៅថ្ងៃសុក្រសប្ដាហ៍នេះ ការស្ទង់មតិមួយបានបង្ហាញថា ប្រជាជនកូរ៉េខាងត្បូងចង់ឱ្យឧបទ្វីបកូរ៉េមានសន្តិភាពជាអចិន្ត្រៃយ៍ ជាជាងការបង្រួបបង្រួមគ្នា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃពុធ ទី២៥ ខែមេសា ឆ្នាំ២០១៨។
ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន នឹងត្រូវជួបជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅឯតំបន់ព្រំដែនគ្មានយោធាក្នុងភូមិ Panmunjom ប៉ែកទឹកដីកូរ៉េខាងត្បូង ហើយបើសិនជាគ្មានអ្វីប្រែប្រួល លោក គីម នឹងក្លាយជាមេដឹកនាំកូរ៉េខាងជើង ដំបូងគេបំផុត ដែលយកជើងជាន់ទឹកដីកូរ៉េខាងត្បូង។ ប៉ុន្តែទន្ទឹមគ្នានឹងជំនួបនេះដែរ ការស្ទង់មតិមួយធ្វើឡើងដោយក្រុមប្រឹក្សាយោបល់បង្រួបបង្រួមជាតិកូរ៉េខាងត្បូង កាលពីខែមីនាបង្ហាញថា ប្រជាជនកូរ៉េខាងត្បូងភាគច្រើនចង់បានសន្តិភាព ជាជាងការបង្រួបបង្រួមប្រទេសកូរ៉េទាំងពីរ។
យោងតាមការស្ទង់មតិខាងលើ ប្រជាជនកូរ៉េខាងត្បូង ៥០.៣ភាគរយ ដែលត្រូវបានសាកសួរ និយាយថា ពួកគេជឿជាក់ថាការរំសាយអាវុធនុយក្លេអ៊ែរ គួរតែក្លាយជារបៀបវារៈកំពូលនៃកិច្ចប្រជុំ ខណៈ ៣៦.៨ភាគរយ ចង់ឱ្យមានការបន្ធូរបន្ថយភាពតានតឹងផ្នែកយោធា។ ចំណែកឯ ប្រជាជនកូរ៉េខាងត្បូង ដែលចង់ឱ្យកូរ៉េទាំងពីររួមគ្នាជាប្រទេសតែមួយមាន ២៣.៥ភាគរយ ហើយអ្នកមិនចង់ឱ្យកូរ៉េរួមគ្នាមាន ១៨.៣ភាគរយ។
គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលអន្តរកូរ៉េ នៅថ្ងៃសុក្រសប្ដាហ៍នេះអាចនិយាយបានថា ជាកិច្ចប្រជុំលើកទី ៣ រវាងបងប្អូនកូរ៉េទាំងពីរ ដែលបានរៀបចំជំនួបបែបនេះ កាលពីឆ្នាំ២០០០ និងឆ្នាំ២០០៧។ ប៉ុន្តែជំនួបទាំងពីរនេះ មិនមានលទ្ធផលអ្វីជាដុំកំភួនឡើយ រីឯ កូរ៉េខាងជើង ចេះតែបន្តបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ និងមីស៊ីលឆ្លងទ្វីបជាបន្តបន្ទាប់រហូតដល់ចុងឆ្នាំ២០១៧៕