(ហួស្តុន)៖ មនុស្សសរុប ០៣នាក់ ក្នុងនោះមានប៉ូលិស ០២នាក់ បានទទួលរងរបួសនៅក្នុងករណីបាញ់ប្រហារ នៅទីក្រុងដាលឡាស់ (Dallas) នៃរដ្ឋតិចសាស់ ភាគខាងត្បូងសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃពុធ ទី២៥ ខែមេសា ឆ្នាំ២០១៨។
ការបាញ់ប្រហារខាងលើនេះ បានចាប់ផ្តើមបន្ទាប់ពីមានការទូរស័ព្ទហៅពីសំណាក់មន្ត្រីប៉ូលិស នៅក្រៅម៉ោងបំពេញការងារមួយរូប ដែលធ្វើការក្រៅម៉ោងនៅក្នុងហាងលក់ទំនិញមួយកន្លែងនៅក្នុងទីក្រុងដាលឡាស់។ ប៉ូលិសរូបនេះបានចាប់ជនសង្ស័យម្នាក់ នៅវេលាម៉ោង ៤៖១៥នាទីរសៀលថ្ងៃអង្គារ (ម៉ោងនៅអាមេរិក) ប៉ុន្តែនៅពេលដែលមន្ត្រីប៉ូលិសផ្សេងទៀតមកទទួលយកជនសង្ស័យ ស្រាប់តែជនសង្ស័យនោះទាញបានកាំភ្លើងខ្លីពីប៉ូលិស រួចបាញ់លើប៉ូលិសទាំងនោះបណ្តាលឲ្យរងរបួសពីរនាក់ និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។
បន្ទាប់មកទៀតប៉ូលិសនៅក្នុងតំបន់បានធ្វើការស្ទាក់ចាប់ជនសង្ស័យចំនួន ៥ម៉ោងទើបបានសម្រេច ហើយជនសង្ស័យនោះ ក៏បានរងរបួស និងត្រូវបញ្ជូនទៅមន្ទីរពេទ្យផងដែរ។ ដើមចមដែលនាំឲ្យកើតករណីបាញ់បោះយ៉ាងភ្ញាក់ផ្អើលនេះ គឺមិនទាន់មានការបញ្ជាក់នោះឡើយ៕