(វ៉ាស៊ីនតោន)៖ តុលាការកំពូលអាមេរិក បានច្រានចោលបណ្តឹងឧទ្ធរណ៍របស់បុរសម្នាក់ ដែលត្រូវបានគេផ្ដន្ទាទោសដាក់ពន្ធនាគារ ២៤១ឆ្នាំ សម្រាប់បទទឧក្រិដ្ឋដែលជននេះធ្លាប់ប្រព្រឹត្តកាលពីរូបគេនៅមានអាយុ ១៦ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃពុធ ទី២៥ ខែមេសា ឆ្នាំ២០១៨។
យោងតាមតុលាការកំពូលអាមេរិក លោក បុបប៊ី បូស្ទីច (Bobby Bostic) បានប្រព្រឹត្តបទហិង្សាជាច្រើន នៅអំឡុងឆ្នាំ១៩៩៥ ក្នុងនោះរួមមានទាំង បទល្មើងប្លន់ប្រដាប់អាវុធ។ ប៉ុន្តែក្រុមមេធាវីការពារក្ដីរបស់លោកយល់ថា ការផ្តន្ទាទោសលើរូបលោក គឺជាផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញ ដោយសំអាងលើច្បាប់វិសោធនកម្មលើកទី ៨ ដែលហាមឃាត់ការដាក់ទោសទណ្ឌមានលក្ខណៈសាហាវឃោរឃៅ។ ដូច្នេះហើយទើបពួកគេ ស្នើឱ្យមានការកាត់ទោសជាថ្មី ប៉ុន្តែតុលាការកំពូលបានបដិសេធ និងមិនបានផ្ដល់ហេតុផលជាក់លាក់ ពីការសម្រេចចិត្តរបស់ខ្លួនឡើយ។
គួរបញ្ជាក់ថា បើតាមតុលាការកំពូលអាមេរិក កាលពីស្ថិតក្នុងវ័យជំទង់ លោក Bobby Bostic បានប្លន់ក្រុមមនុស្ស ដែលកំពុងចែកចាយកាដូបុណ្យណូអែល ជាមួយការបាញ់ប្រហារបណ្ដាលឱ្យបុរសម្នាក់របួស ព្រមទាំងបានលួចរថយន្ដមួយគ្រឿងផងដែរ។ Bostic ត្រូវបានតុលាការកាត់ទោសនៅអាយុ ១៨ឆ្នាំ ក្នុងឆ្នាំ១៩៩៧ ចំណែកឯការសម្រេចចិត្តរបស់តុលាការកំពូលអាមេរិកនៅពេលនេះ គឺមានន័យថា លោកមិនមានសិទ្ធិស្នើឱ្យមានការលើកលែង ឬបន្ធូរបន្ថយទោសឡើយ រហូតដល់មានអាយុ ១១២ឆ្នាំ៕